ភ្នំពេញៈ រថយន្តហាយឡែនឌឺជាន់ហ្វាំងឈប់កណ្តាលផ្លូវភ្លាមៗ រ៉ឺម៉កកង់បីបុកពីក្រោយកំពិតកាងក្រោយបន្តិចបន្តួចទាមទារដូរថ្មី ជជែកវែងញែកចរចាគ្នាជិត២ម៉ោងមិនសម្រេច ទើបឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅខាងលិចផ្សារសាមគ្គី តាមផ្លូវម៉ៅសេងទុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាក្សីបានរៀបរាប់ឲ្យដឹងថា រថយន្តហាយឡែនឌឺ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2AF-0838 បើកបរដោយបុរសជនជាតិកូរ៉េរួមដំណើរដោយជនជាតិខ្មែរ ជាអ្នកបកប្រែនិងធ្វើដំណើរពីជើងទៅត្បូងក៏ជាន់ហ្វាំងឈប់កណ្តាលផ្លូវភ្លាមៗ ទើបបណ្តាលឲ្យរ៉ឺម៉កកង់បីចាប់ហ្វាំងឈប់មិនទាន់ ក៏ជ្រុលទៅបុកចំកាងរថយន្តខាងក្រោយកំពិត។ ស្រាប់តែតៃកុង ជនជាតិកូរ៉េ ចុះពីលើរថយន្តចាប់ដកសោរម៉ូតូហើយបើករថយន្តទៅអែបខាងធ្វើការដោះស្រាយ ដោយមិនរកសមត្ថកិច្ចឡើយ ដោយខាងភាគីរថយន្តទាមទារសងកាងរថយន្តថ្មី ដោយមិនព្រមឲ្យភាគីខាងរ៉ឺម៉កកង់បីយកទៅជួសជុលឡើយ។
ការវែកញែកមូលសន្ទុះធំ ដោយគ្មានបានលទ្ធិផល រវាងក្រុមរ៉ឺម៉កកង់បីជាមួយជនជាតិបរទេសដែលជាតៃកុងរថយន្តហាយឡែនឌឺ និងអ្នកបកប្រែដោយគ្មានការយោគយល់ការអនុគ្រោះបង្កការភ្ញាក់ផ្អើលចោមរោមមើល និងមានការសាកសួរ តើមានបញ្ហាអ្វីកើតឡើងពីអ្នកធ្វើដំណើរតាមផ្លូវផងដែរ។
ដោយឡែកមានការសម្របសម្រួល និងបកប្រែផងនោះ ទើបការចរចាគ្នាសងជាលុយចំនួន ១៥០ដុល្លារ មកត្រឹមតែចំនួន ៥០ដុល្លារដើម្បីបញ្ចប់នៅហ្នឹងកន្លែងកើតហេតុ ប្រហែលជាង៤ម៉ោងពីព្រោះជនជាតិមិនចេះខ្មែរ ហើយខ្មែរនិយាយគាត់ស្តាប់មិនបាន៕
មតិយោបល់