ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ឌឌីន៖ អង្គការសុខភាពពិភពលោកទើបរកឃើញមានវីរុសកូវីដ១៩បំប្លែងថ្មី ​២ប្រភេទទៀត ដែលគួរឲ្យព្រួយបារម្ភ

លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសអំពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីចំនួន២ប្រភេទទៀត រួមមាន៖ B1-640 និងប្រភេទ B1-1-529 ខណៈវីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-1-529 បានរាលដាលមកដល់ទឹកដី ទ្វីបអាស៊ីហើយ។

លោកស្រី ឱ វណ្ឌឌីន បានឱ្យដឹងថា ថ្មីៗនេះ អង្គការសុខភាពពិភពលោក បានចេញផ្សាយអំពីករណីរកឃើញនូវវីរុសកូវីដ១៩បំប្លែងថ្មីទាំង២ប្រភេទនេះ ក្នុងនោះ ប្រភេទ B1-640 រកឃើញដំបូងគេនៅសាធារណរដ្ឋកុងហ្គោ នៃទ្វីបអាហ្វ្រិក ដែលអង្គការសុខភាពពិភពលោក បានកំណត់អំពីការរកឃើញកាលពីថ្ងៃទី២២ ខែកញ្ញា និងមួយប្រភេទទៀត ប្រភេទ B1-1-529 ដែលត្រូវបានរកឃើញដំបូងនៅប្រទេសបុតស្វាណា នៃទ្វីបអាហ្វ្រិកដែរ ហើយបានបន្តរាលដាលទៅដល់ប្រទេសមួយចំនួនទៀត ដូចជា អាហ្វ្រិកខាងត្បូង ស៊ីមបាវ៉េ ប្រទេសអ៊ីស្រាអែល អង់គ្លេស ហើយក៏បានបន្តឆ្លងមកដល់តំបន់ ក្រុងហុងកុង នៃប្រទេសចិន ដែលស្ថិតក្នុងទ្វីបអាស៊ីនោះ។ វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-1-529 នេះ ត្រូវបានអង្គការសុខភាពពិភពលោកបានកំណត់ថា បានរកឃើញដំបូងនៅថ្ងៃទី២៤ ខែកញ្ញា។

យ៉ាងណាក៏ដោយ លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវតែប្រកាន់ខ្ជាប់នូវវិធានការទាំងឡាយដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលបានណែនាំកន្លងមក ដូចជា ការអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» ការរក្សាគម្លាតសុវត្ថិភាព និងការពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬជែល ជាពិសេស គឺតាមដានអំពីបញ្ហាសុខភាពផ្ទាល់ខ្លួនផងដែរ ដោយលោកជំទាវបានគូសបញ្ជាក់ថា កុំភ្លេច កុំភ័យពេក តែកុំហ៊ានពេក៕

មតិយោបល់