ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីលួចនិងទទួលផលចោរកម្ម

ពោធិ៍សាត់: នៅវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងពោធិ៍សាត់ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចោរកម្ម លួចម៉ូតូ ។

លោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹង ពីប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងជំនាញខេត្ត បានចុះធ្វើការស្រាវជ្រាវ នឹងកំណត់មុខសញ្ញាជនសង្ស័យ ។ លុះដល់ វេលាម៉ោង០៨និង០៤នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ រួមទាំងម៉ូតូចំនួន០១គ្រឿងដែលជិះធ្វើសកម្មភាព នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិ ពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

បន្ទាប់មកនៅវេលាម៉ោង០៩និង៤៥នាទីព្រឹក ថ្ងៃដដែល កម្លាំងសមត្ថកិច្ច បានបន្តចុះ បង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង ស្ថិតនៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យជាម្ចាស់ផ្ទះម្នាក់ ដកហូតបានម៉ូតូចំនួន០៤គ្រឿងនឹងវត្ថុតាងមួយចំនួនទៀត ។

លោកអធិការ បានបន្តថា ជនសង្ស័យទាំងបីទី ១-ឈ្មោះ រិទ្ធ ដែន ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកម៉ូតូ ទី២-ឈ្មោះ ឆម ពយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកលួចម៉ូតូ និងទី៣-ឈ្មោះ យឿន ចាន់រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាអ្នកទទួលទិញ ។

លោកវរសេនីយ៍ឯក បានបន្តបច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់