បន្ទាយមានជ័យ: កញ្ញា វ៉ែន ចរិយា និងកម្លាំងការងារមនុស្សមួយក្រុម បានចុះដល់ ក្រុងប៉ោយប៉ែត និងនាំយកអំណោយ ជាសម្ភារៈ និងថវិកា មួយចំនួន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ នេះ ជូនប្តីប្រពន្ធ គ្រួសារទីទាល់ក្ររ ខណៈពួកគាត់ បាន និងកំពុង ជួបបញ្ហាលំបាក ស្ថិតក្នុងស្ថានភាពទីទាល់ក្ររ សព្វថ្ងៃរំពឹងរបរ ដើររើសអេតចាយ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ កំដរជីវិត ពីមួយថ្ងៃទៅមួយថ្ងៃ។
ស្របពេល ស្ត្រីជាប្រពន្ធ ជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខណៈចេញប្រកបមុខរបរ ដូចសព្វមួយដង បណ្តាលមកពីម៉ូតូបុករទេះអេតចាយ នាំឱ្យបងស្រីជាជនរងគ្រោះរូបនេះ រងរបួសថ្លោះចង្កេះ កម្រិតធ្ងន់ធ្ងរ ទៀតផង។ សូមរំលឹកថា ប្តីប្រពន្ធមួយគូនេះ មានទីកន្លែងកំណើតនៅ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានចំណាកស្រុក មករស់នៅលើទឹកដីជាយដែន ប៉ោយប៉ែត នេះ រយៈពេល ១៦ឆ្នាំហើយ គ្មានបន្សល់ទ្រព្យសម្បត្តិអ្វី ក្រៅពីកូនប្រុសស្រី ២នាក់ ជាបន្ទុក និងផ្ទុកជំងឺរ៉ាំរ៉ៃ ទាំងគ្រួសារ កុំថាឡើយរកលុយព្យាបាល សូម្បីថ្លៃជួលផ្ទះស្នាក់នៅឱ្យសមរម្យ ក៏គ្មានលទ្ធភាពដែរ។ រាល់ថ្ងៃ គាត់យករទេះអេតចាយ ធ្វើជាផ្ទះ ព្រោះគ្មានទីជម្រកច្បាស់លាស់ទេ ទើបតែថ្ងៃនេះ លោកមេភូមិ សុំផ្ទះប្រជាពលរដ្ឋ ដែលគេទុកចោល សម្រាប់ឲ្យគ្រួសារគាត់ ស្នាក់អាស្រយ័បណ្តោះអាសន្ន សិន។
ដោយឃើញច្បាស់នឹងភ្នែក និងទប់ទឹកចិត្តអាណិតអាសូរមិនបាន ក្នុងនាមឈាមជ័រ ជាខ្មែរ ជាស្ត្រីភេទដូចគ្នា ទើប កញ្ញា វ៉ែន ចរិយា និងក្រុមការងារមនុស្សរបស់ខ្លួន ខិតខំកៀងគរប្រភពជំនួញ ទាំងផ្ទាល់ខ្លួនក្តី និងដោយប្រយោលក្តី និយាយរួម គឺគ្រប់រូបភាព ក្នុងន័យយ៉ាងណា អាចមានលទ្ធភាព ទោះតិច ឬច្រើនក្តី សម្រាប់ជួយសម្រាលបន្ទុក ជីវភាពក្រីក្ររលំបាកតោកយ៉ាក របស់បងស្រី ប្រកបរបរដើររើសអេចាយ រូបនេះ ឱ្យស្គាល់នូវក្តីសង្ឃឹម នៃជីវិត ដូចស្ត្រីទូទៅ ផងដែរ។ ដូច្នេះ បើសិនជាបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅស្រុក មានចិត្តអាណិតអាសូរ ឬមានបំណងចង់ជួយឧបត្ថម្ភពួកគាត់ សូមជួយជាអំណោយ សម្ភារៈ ឬថវិកាក្តី ដោយផ្ទាល់ ឬតាមរយៈ សប្បុរសជន វ៉ែន ចរិយា និងក្រុមការងារមនុស្សធម៌របស់កញ្ញា សំរាប់ពួកគាត់ ដោះស្រាយជីវភាព ដោយក្តីករុណា៕
មតិយោបល់