-

ជនសង្ស័យម្នាក់ធ្វើសកម្មភាពវាយជនរងគ្រោះ បែកក្បាលហូរឈាមដួលសន្លប់បាត់ស្មារតី

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦ និង ២៧នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានធ្វើការបង្ក្រាបករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ១លើក ឃាត់ខ្លួនជនសង្ស័យម្នាក់ បានប្រព្រឹត្តិសកម្មភាពវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសបែកក្បាលផ្នែក ខាងក្រោយ ចំលើរង្វង់ភ្នែកខាងឆ្វេង (បែក) ចំលើថ្ពាល់ផ្នែកខាងក្រោមភ្នែកស្តាំ (បែក) និងចំលើផ្ទៃមុខបណ្តាលឲ្យហូរឈាម និងដួលសន្លប់បាត់ស្មារតីនៅផ្ទះជនរងគ្រោះ ។

មន្ត្រីនគរបាលស្រុកឯកភ្នំ បានឲ្យដឹងថា ជនល្មើសឈ្មោះ ផាន ពិសាល ហៅ តុល ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ចំណែកឯជនរងគ្រោះឈ្មោះ ឆាន ឈឿត ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅ ចំណុចកើតហេតុខាងលើ ។

ករណីនេះ ជនរងគ្រោះបានបាត់មាន់មេចំនួន ០១ក្បាល ហើយប្រពន្ធជនរងគ្រោះឈ្មោះ សុះ សាន អាយុ ៤៤ឆ្នាំ បានទៅសួរនាំឈ្មោះ ផាន ពិសាល ហៅ តុល (ជនល្មើស) អំពីបញ្ហាខ្លួនបាត់មាន់មេ ខណ:នោះជនសង្ស័យ ក៏មានកំហឹងហើយជេរប្រមាថ និងវាយបណ្តាលឲ្យរងរបួសដួលសន្លប់តែម្តង ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់