កំពង់ឆ្នាំងៈ យោងតាមផេក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅវេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថក្រុងកំពង់ឆ្នាំង ចំនួន០៥នាក់ ប្រើប្រាស់រថយន្ដចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការអាវុធហត្ថ ក្រុងកំពង់ឆ្នាំង បានចុះសហការជាមួយកម្លាំងគយ ប្រចាំសាខាខេត្តកំពង់ឆ្នាំង សរុបចំនួន០៧នាក់ ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួល ពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ។
យោងបទល្មើសជាក់ស្ដែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធក្នុងករណីដឹកជញ្ជូនឈើ គ្មានលិខិតអនុញ្ញាត និងរារាំងសមត្ថកិច្ច ចុះអនុវត្តការងារ ប្រព្រឹត្តកាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០១និង៣០នាទី ស្ថិតនៅចំណុចភូមិត្រពាំងពោធិ៍ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ដ រស់នៅភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
វត្ថុតាងចាប់យករួមមាន៖ ១-រថយន្តចំនួន០១គ្រឿង ម៉ាកហាយឡិនឌ័រ (High Lander) ពាក់ស្លាកលេខ កណ្ដាល 2A-3606 ពណ៌ទឹកប្រាក់ ។ ២-ឈើប្រណីត (ធ្នង់) មួយចំនួន មិនទាន់បានវាស់វែង ។
បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញ យកទៅធ្វើតេស្តរកមេរោគកូវីត១៩ លទ្ធផលអវិជ្ជមាន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី ៕
មតិយោបល់