ភ្នំពេញៈ នៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ មានករណីនារីម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ស្ថិតត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជាជប៉ុន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មូលហេតុ៖ សង្សារសុំបែក ហើយចង់ទៅរៀបការជាមួយនិងនារីថ្មី។
នារីរងគ្រោះឈ្មោះ លីភេទស្រី អាយុ ២៥ឆ្នាំ បច្ចុប្បន្ន ជួលបន្ទប់ស្នាក់នៅម្ដុំស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំណែកសង្សារឈ្មោះ ដារ៉ូ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរធ្វើជាបុគ្គលិកធនាគារមួយ បានស្រលាញ់គ្នាអស់ពេលជាង ១ឆ្នាំ កន្លងមកហើយ ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ នារីរងគ្រោះបើកបរម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១០ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-5952 ធ្វើដំណើរពីលិចមកកើត ឡើងលើស្ពានជ្រោយចង្វារ ខណៈមកដល់ចំណុចកើតហេតុក៏វ៉ៃជន្ទុលម៉ូតូ ហើយចុះដើរមកកាន់បង្កាន់ដៃស្ពាន ក្នុងសភាពយំហូរទឹកភ្នែករហាម បម្រុងនឹងលោតទឹកទន្លេទៅហើយ ប៉ុន្តែត្រូវអ្នកធ្វើដំណើរលើស្ពានឃើញ មានការសង្ស័យទើបរត់ទៅចាប់ សួរនាំទើបដឹងរឿងថា នាងចង់លោតទឹកសម្លាប់ខ្លួន ដោយសារសង្សារស្រឡាញ់គ្នាជាង ១ឆ្នាំ សុំបែកដើម្បីទៅរៀបការជាមួយស្រីថ្មី។
ករណីនេះ ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចចុះដល់ទីតាំង នាំនារីខាងលើទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ រួចជួយជូនទៅដល់បន្ទប់ជួលស្នាក់នៅនាងវិញ៕
មតិយោបល់