នារីម្នាក់បើករថយន្តព្រូសបុកម៉ូតូ រួចជ្រុលបុកចូលឃ្លាំងលក់រថយន្តរងការខូចខាត ៣គ្រឿង

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ហើយបន្តជ្រុលទៅបុកចូលឃ្លាំងលក់រថយន្តបន្ថែម បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ២០០៤កែងនិងផ្លូវឌួងងៀប ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AG-0552 បើកបរដោយបុរសម្នាក់។
រថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-5467 បើកបរដោយនារីម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបរម៉ូតូម៉ាកខាងលើ ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានបត់ស្ដាំឡើងផ្លូវ២០០៤ ខណៈនោះមាននារីម្នាក់ បើករថយន្តព្រូស ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នា មិនប្រយ័ត្នជ្រុលបុកចំម៉ូតូពេញទំហឹង ហើយក៏បុកបង្គោលស្លាកសញ្ញាចរាចរណ៍ នៅលើចិញ្ចើមផ្លូវចំនួនមួយដើមបាក់ដួលដល់ដី មិនទាន់អស់ល្បឿនបន្តទៅមុខបុកទម្លុះរបងដែក ឃ្លាំងលក់រថយន្តកូរ៉េ បណ្តាលឲ្យបាក់ខូចខាតអស់ចំនួន៤ផ្ទាំង និងរថយន្តកូរ៉េដែលដាក់តាំងលក់ចំនួន ៣គ្រឿង។

សូមបញ្ជាក់៖ ករណីនេះ មិនមានមនុស្សរងរបួសទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *