ព័ត៌មានជាតិ

បញ្ចប់ត្រឹមសំណង១០០០ដុល្លារ រថយន្តស៊េរីទំនើប១គ្រឿងបានប៉ះជាមួយម៉ូតូបណ្តាលឲ្យប្តីប្រពន្ធ២នាក់របួសស្រាលធ្ងន់!

ភ្នំពេញៈ ប្តីប្រពន្ធវ័យចំណាស់១គូរជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យប្តីរងរបួសស្រាលប្រព័ន្ធរងរបួសជើងធ្ងន់ធ្ងរសង្ស័យបាក់ភ្លៅឆ្វេង ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកម៉ាសឺដែស និងម៉ូតូឌ្រីមសេ១២៥។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ១១៨ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូដែលជួបគ្រោះចរាចរណ៍ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AE-8128។ ចំណែករថយន្តម៉ាកម៉ាសឺដែស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AN-1910។

ប្រភពព័ត៌មានដដែលពីប៉ូលីសចរាចរណ៍ម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូហុងដាឌ្រីមបានជិះគ្នា២នាក់ប្តីប្រពន្ធតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុម៉ូតូក៏បត់ឆ្វេងបំណងទៅផ្លូវ១១៨ ហើយរថយន្តក៏វ៉ាក់អឺនិងម៉ូតូ ធ្វើឲ្យបុកគ្នាខណៈរថយន្តម៉ាកម៉ាសឺដែសបើកពីត្បូងទៅជើងតាមផ្លូវព្រះនរោត្តម។ ចំណែកលោកអ៊ុំចាស់ដែលរងរបួសស្រាលបានឲ្យដឹងថាគាត់ជិះម៉ូតូតាមផ្លូវរាល់ថ្ងៃមិនលឿនទេ ហើយថ្ងៃនេះក៏មិនលឿនដែរ ស្រាប់តែរថយន្តខាងលើបើកលឿនបណ្តាលឲ្យបុកម៉ូតូគាត់។ សាច់ញាតិជនរងគ្រោះបានឲ្យដឹងថាស្ត្រីរងគ្រោះសង្ស័យបាក់ភ្លៅឆ្វេង។

ទោះជាយ៉ាងនេះក្តីភាគីខាងដំណាងរថយន្ត និងដំណាងជនរងគ្រោះបានចរចារគ្នាបញ្ចប់រឿងដោយភាគីខាងរថយន្តសុខចិត្តជួយចេញថ្លៃព្យាបាលចំនួន១០០០ដុល្លារ ហើយដំណាងភាគីរងគ្រោះក៏យល់ព្រម៕

មតិយោបល់