ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនអគ្គិសនីកម្ពុជា រេចង្កូតឡើងខឿនផ្លូវបុកបាក់បង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ នៅវេលាម៉ោង១២ និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តកូរ៉េ របស់ក្រុមហ៊ុនអគ្គិសនីកម្ពុជា មួយគ្រឿង បានរេចង្កូតឡើងខឿនផ្លូវបុកបង្គោល ភ្លើង បាក់មួយដើមរាបដល់ដី ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកូរ៉េ មួយគ្រឿង របស់ក្រុមហ៊ុនអគ្គិសនីកម្ពុជា ពណ៌ខៀវ ពាក់ស្លាក លេខ រដ្ឋ 13.2.1398 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃឡើងខឿនផ្លូវ បុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបាក់រាបដល់ដី ។ ចំណែករថយន្តបង្កនោះវិញ បានក្រឡាប់ផ្ងារជើង រងការខូចខាត សំណាងល្អមិនបង្កឲ្យ នរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្ត និងបង្គោលភ្លើងមួយដើម ជាទ្រព្យសម្បត្តិរបស់រដ្ឋតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងស្ទូចយក រថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ ៕

មតិយោបល់