បាត់ដំបងៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានប្រទះឃើញសពបុរសម្នាក់ នៅក្នុងទឹកស្ទឹងសង្កែ ស្ថិតក្នុងភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សពត្រូវបានស្រង់ពីក្នុងទឹកយកមកធ្វើការពិនិត្យ ដែលភិនភាគគឺ៖
-សាកសពភេទប្រុស មានអាយុប្រមាណ ចន្លោះពី៣០ទៅ៤០ឆ្នាំ មានកម្ពស់១,៦០ម៉ែត្រ និងមានសម្បុរ សណ្តែកបាយ ស្លៀកខោលីអូ ពណ៌ខ្មៅ ពាក់អាវយឺត ដៃខ្លីពណ៌ខ្មៅមានសរសេរអក្សរជា ភាសាបរទេសនៅខាងមុខ។
ក្រៅពីភិនភាគខាងលើនេះ សពមិនមានអ្វីផ្សេងដើម្បីបញ្ជាក់អំពីអត្តសញ្ញាណបាននៅឡើយទេ ហើយឆ្លងតាមរយៈលទ្ធផលនៃការត្រួតពិនិត្យ សាកសពដោយសមត្ថកិច្ចនគរបាលស្រុក មិនមានរកឃើញភស្តុតាងណាមួយទាក់ទងទៅនឹងករណីហិង្សា ឬករណីឃាតកម្មនោះឡើយ។
នៅពេលនេះសពកំពុងតម្កល់ទុកនៅក្នុងបរិវេណវត្តកែវមុន្នីពិសី (វត្តរាជដូនកែវ) ក្នុងមូលដ្ឋានខាងលើ។
ដើម្បីមានមូលដ្ឋានក្នុងការស្វែងរកអត្តសញ្ញាណ ពិតប្រាកដ របស់ជនរងគ្រោះ សូមសាធារណជន អ្នកនិយមប្រើប្រាស់បណ្តាញសង្គម ជួយផ្សព្វផ្សាយចែករំលែកដំណឹងនេះ ស្វែងរកសាច់ញាតិ ឬក្រុមគ្រួសារដែលបានបាត់ សមាជិកគ្រួសារដូចមានភិនភាគខាងលើបានជ្រាប ឬអាចទំនាក់ទំនងដោយផ្ទាល់ទៅសមត្ថកិច្ចនគរបាលស្រុកឯកភ្នំ តាមរយៈលេខទូរស័ព្ទ 069 351499 ឬ 095866630 (អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ) តែម្តង ៕
មតិយោបល់