ភ្នំពេញៈ នៅវេលាម៉ោង០៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើកបររថយន្ត មួយគ្រឿងម៉ាក TACOMA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-9663 ខណៈបើកបរជ្រុលល្បឿនឡើងលើខឿនការដ្ឋានរង្វង់មូលចោមចៅ បណ្តាលឲ្យក្រឡាប់ផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក TACOMA ពណ៌ស បើកបរ ដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ។ លុះពេលកំពុងបើកបរធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តបង្កខាងលើ បានជ្រុលចង្កូតបុកឡើងលើខឿនរង្វង់មូលការដ្ឋាន កំពុងសាងសង់ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំផងដែរ ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថ កិច្ចនគរបាលនៅក្នុងមូលដ្ឋាន ។
ក្រោយពេលកើតហេតុ វត្តមានកម្លាំងមន្រ្តីនគរបាលផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យដល់ចំណុចកើតហេតុ ខាងលើតាមនីតិវិធីផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ គឺគ្រាន់តែរងការខូចខាតនូវរថយន្តបង្កតែប៉ុណ្ណោះ ៕





មតិយោបល់