ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿងបើកវ៉ាជែងជ្រុលបុករថយន្ត បណ្តាលឲ្យបុរស០២នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ: នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសពីរនាក់ជិះម៉ូតូឌុបគ្នា បើកវ៉ាជែងរថយន្តដឹកដីមួយគ្រឿង ជ្រុលទៅបុកពីមុខរថយន្តមួយគ្រឿងទៀត ដែលកំពុងបើក ក្រឡប់មកពីទម្លាក់អង្ករ បណ្តាលឱ្យអ្នកឌុបនិងអ្នករួមដំណើរ រងបួសធ្ងន់ស្រាល់ទាំងពីរនាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ បេតុងលេខ១៥១ ក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ មានម៉ូតូដែលបើកវ៉ាជែងទៅបុករថយន្តម៉ាក ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CS 0496 ជិះឌុបគ្នា ដោយបុរសពីរនាក់ មិនត្រូវបានស្គាល់នូវអត្តសញ្ញាណនោះទេ ។ចំណែកឯរថយន្តម៉ាកគា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2G 5971 បើកដោយបុរសម្នាក់ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងលេខ១៥១ក្នុងទិសដៅពី កើតទៅលិច ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែម៉ូតូខាងលើបើកតាមបណ្តោយផ្លូវបេតុង លេខ១៥១ ពីលិចទៅកើត ហើយបានបើកវ៉ាជែងរថយន្តដឹកដីមួយគ្រឿង ជ្រុលចូលកន្លងរថយន្តខាងឆ្វេងដៃក៏បុករថយន្ត ម៉ាកគាខាងលើ បណ្តាលឱ្យខូចខាតរថយន្តនិងម៉ូតូ រីឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់ព្រមទាំងអ្នករួម ដំណើររងរបួសស្រាល ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើធ្វើការពិនិត្យនិងទាក់ទង រថយន្តដឹកអ្នករងរបួសទាំងពីរនាក់ទៅកាន់មន្ទីរពេទ្យ និងរាយការណ៍ទៅជំនាញខណ្ឌ ដើម្បីចុះមកកន្លែងកើតហេតុ រួចបានទាក់ទងទៅកម្លាំងការិយាល័យរាជធានីភ្នំពេញ មកវាស់វែងយករថយន្តម៉ូតូ និងតៃកុងរថយន្តទៅការិយាល័យ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់