ព័ត៌មានជាតិ

​ប្រទេស​ហៃ​ទី​ កំពុងជួបវិបត្តិសន្តិសុខ​ និង​ការ​កើនឡើង​នៃ​តម្លៃ​ប្រេង

ហៃទី៖ ប្រជាជន​ប្រទេស​ហៃ​ទី​បាន​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​សុក្រ​ ដើម្បី​តវ៉ា​លើ​វិបត្តិ​សន្តិសុខ​ដែល​កំពុង​បន្តនៅ​ក្នុង​ប្រទេស ក៏ដូចជា​ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​។ ការ​កើន​ឡើង​តម្លៃ​ប្រេង​ដែល​ត្រូវ​បានបញ្ជា​ដោយ​ប្រធានាធិបតី​ស្តីទី​លោក Ariel Henry បាន​ចូល​ជា​ធរមាន បន្ទាប់ពី​រដ្ឋាភិបាល​បាន​កាត់​ការឧបត្ថម្ភ​ធន​។

 

ចាប់​តាំង​ពី​លោក Henry ឡើង​បន្ត​កាន់​តំណែង​ជា​មេដឹកនាំ​ប្រទេស​ហៃ​ទី បន្ទាប់ពី​ការ​ធ្វើ​ឃាត​លើអតីត​ប្រធានាធិបតី​លោក Jovenel Moïse កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា មានការ​ខ្វះ​ខាត​ប្រេង​ឥន្ធនៈ​ធ្ងន់ធ្ងរ និង​ការ​កើន​ឡើង​តម្លៃ និង​ការ​ចាប់​ជំរិត​ដែល​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជន​អន្ធពាល​។ ក្នុង​ការ​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ព័រ​អូ​ប្រាំង​ (Port Au Prince) ក្រុម​បាតុករ​បាន​ដុត​កង់ឡាន និង​ដើរ​ដង្ហែ​ការ​តវ៉ាតាម​ផ្លូវ​ក្នុង​ទីក្រុង​។​ យោង​តាម​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ហៃ​ទី​បាន​ឲ្យ​ដឹង​ថា​ ការ​ចាប់​ជំរិត​ជាង 460​ករណី​ត្រូវ​បាន​រាយការណ៍ដោយ​នគរបាល​ជាតិ​របស់​ប្រទេស​ហៃ​ទី ដែល​មក​ដល់​ពេលនេះមាន​ចំនួន​ច្រើនជាង​ពីរ​ដង ​នៃ​អ្វី​ដែល​បាន​រាយការណ៍​កាលពី​ឆ្នាំមុន​។ ឧក្រិដ្ឋកម្ម​ដែល​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជន​អន្ធពាល​ បាន​រារាំង​ក្រុម​ជំនួយ​មិន​ឲ្យ​ចូល​ទៅ​កាន់តំបន់​នានារបស់​ប្រទេស ដែល​ក្រុម​ជំនួយ​ធ្លាប់បាន​ចែកចាយ​អាហារ ទឹក និង​ទំនិញជា​មូលដ្ឋាន​ផ្សេងទៀតកាលពី​ពេលមុន​៕

មតិយោបល់