ព័ត៌មានជាតិ

បាឡែនបើកបុករុញម៉ូតូ និងPassAppផ្ទប់នឹងរថយន្តមួយគ្រឿងទៀតសរុប ៤តង់ របួសធ្ងន់ ២នាក់បញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យ មនុស្ស២នាក់រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ កើតឡើង រវាងរថយន្តកាមរីបាឡែន បើកបោះពួយលឿនជ្រុលបុករុញម៉ូតូ បន្ទាប់មកPassApp និងរថយន្តមួយគ្រឿង ក្នុងដំណើរស្របទិសគ្នា កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ទីតាំងនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC-7334 បើកពីលិចទៅកើតល្បឿនលឿន ជ្រុលទៅបុកពីក្រោយម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-4893 រុញទៅបុកPassApp ពាក់ស្លាកលេខ តាកែវ 1T-0058 និងបន្តរុញបុកផ្ទប់នឹងរថយន្តម៉ាក SOUEAST ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-2514 ក្នុងដំណើរស្របទិសគ្នាទាំងអស់ បណ្តាលឲ្យរងរបួសធ្ងន់ ២នាក់ អ្នកបើកម៉ូតូ និងអ្នកបើកបរម៉ូតូកង់បី សម្ភារៈខូចខាតយានទាំង ៤គ្រឿង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ជនរងគ្រោះបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកមធ្យោបាយទាំងអស់ ប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយបន្ត៕

មតិយោបល់