ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៦និង៤៥នាទី ល្ងាចមានករណី គ្រោះថ្នាក់ ចរាចរណ៍ម៉ូតូបុកម៉ូតូ (ផ្លូវបំរាមបិទ មិនឲ្យធ្វើចរាចរណ៍) បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន០៣នាក់ ស្រីម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៥៥-១៥៦ ស្ថិតនៅ ភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ក្នុងមូលដ្ឋាន។
ប្រភពព័ត៌មាននៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿង ម៉ាក HONDA ធុនសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 1L-5289 បើកបរដោយឈ្មោះ ណយ វណ្ណា ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) បើកបរក្នុង ទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុខាងលើ បានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូ០១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CP-0425 បើកបរដោយបុរសឈ្មោះ ម៉ម ប៊ុនសៀរ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ភូមិកណ្តាល ឃុំ អន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) និងអ្នករួមដំណើរ ឈ្មោះ រី សុខា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ( ត្រូវជាប្រពន្ធរងរបួសធ្ងន់ ) មានមុខរបរជា កម្មការិនីរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ីក្រគរ បើកបរក្នុងទិសដៅច្រាសគ្នា ។ រីឯអ្នករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍ លោកវរសេនីយ៍ទោ យូ គឹមថារិទ្ធី អធិការនគរបាលស្រុកក្រគរស្ដីទី បានឲ្យដឹង ទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍ បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួច ហើយបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿន និងបំពានលើផ្លូវបំរាម ។
ចំពោះម៉ូតូទាំងពីរគ្រឿងបាន យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ជាបណ្តោះអាសន្នរង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់