ព័ត៌មានជាតិ

កម្លាំងជំនាញបំបែកសំណុំរឿងបាញ់សម្លាប់ជនជាតិចិន នៅខេត្តព្រះសីហនុ ចាប់ខ្លួនជនដៃដល់ ២នាក់ នៅរាជធានីភ្នំពេញ

ភ្នំពេញ: នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១និង១៥នាទី ត្រង់ចំណុចបុរីប៉េងហួតបឹងស្នោរ ផ្ទះលេខA-១៤ ផ្ទះលេខN៧៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលរបស់លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ឈ្មោះ LI HONGBO ហៅប៉ូប៉ូ ភេទប្រុស ជនជាតិចិន និងឈ្មោះ មី ពៅ ភេទស្រី ជនជាតិវៀតណាម ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់) នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣និង៣០នាទី ចំណុចក្នុងបុរី BLUE SKY ផ្ទះលេខA252 ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

គួររំលឹកដែរថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣និង៣០នាទី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានពី ប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ថា មានបុរសជនជាតិចិនម្នាក់ ត្រូវបានគេបាញ់សម្លាប់ នៅចំណុចក្នុងបុរី BLUE SKY ផ្ទះលេខA252 ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ជាលទ្ធផលបានឃើញ សាកសពបុរសជនជាតិចិនម្នាក់ បានដេកស្លាប់នៅក្បែរសាឡុងពូក និងមានស្នាមឈាមហូរ លើកម្រាលឥដ្ឋ ហើយមានស្នាមរបួសត្រូវចុងភ្លៅធ្លាយទាំងសងខាង និងមានសំបកគ្រាប់កាទុស ចំនួន០៣គ្រាប់។

ជនរងគ្រោះមានឈ្មោះ JIKE MUNAI ភេទប្រុស ជនជាតិចិន។

ឆ្លងតាមការស៊ើបអង្កេតកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ JIKE MUNAI (ស្លាប់) មិនមែនជាអ្នកជួលផ្ទះកើតហេតុនោះទេ។ ដោយឡែកភាគីជួលផ្ទះកើតហេតុមាន ឈ្មោះ មី ពៅ ភេទស្រី មានស្រុកកំណើតឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងមិត្តប្រុសជាជនជាតិចិន (មិនស្គាល់អត្តសញ្ញាណ) ក្រោយពីកើតហេតុរួចបានរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងប្រគល់ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់