ព័ត៌មានជាតិ

នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង័្សយម្នាក់ ករណីលួចកាត់យកខ្សែភ្លើងតាមដងផ្លូវ

បាត់ដំបង: នៅយប់ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេ លាម៉ោង០២និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ចំណុចក្រុម០១ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្ដបាត់ដំបង មានករណីអំពើលួច (ចោរលួចកាត់យកកាច់ខ្សែភ្លើង) មួយបានកើតឡើង បង្កដោយជនសង្ស័យ
មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើង របស់ជនរងគ្រោះចំនួន០៣នាក់ឈ្មោះ ប៊ុច សារម្យ ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបងឈ្មោះ ស្រី ផល្លី ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបងនិងឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

នៅពេលដឹងថាខ្សែភ្លើងរបស់ខ្លួន ត្រូវបាត់បង់ដោយអំពើលួចនេះ ជនរងគ្រោះបានរាយការណ៍ ដោយផ្ទាល់មាត់ភ្លាម ដល់សមត្ថកិច្ចនគរបាល ហើយផ្តើមពីការអនុវត្តនូវយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរ បាលស្រុកសង្កែ បានដឹកនាំកម្លាំងអធិការដ្ឋាននគរ បាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម បានធ្វើការស្រាវជ្រាវនិង បង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កូវ ប៊ុនលុច ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ ដំបង ។

បានដកហូតវត្ថុតាងនៅជាប់ខ្លួនរួមមាន៖
-ម៉ូតូចំនួន ០១ គ្រឿង
-ទូរស័ព្ទស៊េរីចាស់ ចំនួន ០១ គ្រឿង
-កាំបិត ដងឈើប្រវែង ០,៥០ម៉ែត្រ ចំនួន ០១
-កន្រ្តៃ ចំនួន ០១
-កាបូបដាក់ប្រាក់ ចំនួន ០១
-ខ្សែភ្លើងចំនួន ០៤ដុំ
-អត្តសញ្ញាណប័ណ្ណខ្មែរថតចម្លង ចំនួន ០១ សន្លឹក ។

ករណីនេះ នគរបាលស្រុកសង្កែបានកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់