ភ្នំពេញៈ នៅវេលាម៉ោង០២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើកបរម៉ូតូ PASSAPP មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខព្រៃវែង 1M-2270 បានបើកជ្រុលទៅបុកគូទរថយន្តគេពីក្រោយ មួយគ្រឿង ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរគាបជាប់នៅក្នុងម៉ូតូ PASSAPP រងរបួសជាទម្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេបានឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើកបរម៉ូតូ PASSAPP មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខព្រៃវែង 1M-2270 ។ លុះពេលបើកបរធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែម្ចាស់ម៉ូតូ PASSAPP ក៏បានបើកជ្រុលទៅបុកគូទរថយន្តគេពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យម្ចាស់គាបជាប់ នៅក្នុងម៉ូតូ PASSAPP ហើយក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ខណៈពេលដែលភ្លាមៗនោះដែរ ក៏មានគេនាំគ្នាជួយគាស់យកជនរងគ្រោះចេញ ហើយត្រូវបានរថយន្តសាមុយមួយគ្រឿង ធ្វើដំណើរ មកដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ រីឯម៉ូតូ PASSAPP នោះវិញក៏ឡើងខ្ទេចរងការខូចខាត ។ ចំណែករថយន្តបន្ទាប់ពីកើតហេតុ ក៏បានបើកបន្ថែមល្បឿនបន្តដំណើរទៅមុខទៀតយ៉ាងលឿន ដើម្បីគេចខ្លួនចេញពីទីតាំងកន្លែងកើតហេតុនោះបាត់ស្រមោលតែម្តង ។
ជនរងគ្រោះខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់បានស្គាល់នូវអត្តសញ្ញាណនោះទេ ដោយមិនទាន់មានប្រភពណាបញ្ជាក់ប្រាប់ឲ្យបានដឹង ។ បើបងប្អូនណាបានស្គាល់ភិនភាគម៉ូតូ PASSAPP ជនរងគ្រោះ សូមមេត្តាប្រាប់ទៅដល់សាច់ញាតិរបស់គាត់ឲ្យបានដឹងផង ។ ព្រោះជនរងគ្រោះមានរបួសជាទម្ងន់ ត្រូវបានរថយន្តពេទ្យ មួយគ្រឿង ធ្វើដំណើរមកដឹកភ្លាមៗ យកទៅកាន់មន្ទីរពេទ្យបាត់ទៅហើយ គឺដើម្បីជួយសង្រ្គោះនូវអាយុជីវិត នៃជនរងគ្រោះ ។
នៅក្រោយពេលកើតហេតុ គេបានឃើញកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងធ្វើកំណត់ហេតុផងដែរ ។ ករណីខាងលើនេះ បើបងប្អូនណាមានបាត់សមាជិកនៅក្នុងគ្រួសាររបស់ខ្លួន សូមអញ្ជើញទាក់ទងទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ឬមួយក៏ធ្វើការទាក់ទងទៅនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ទើបបានដឹងអំពីព័ត៌មាននៃជនរងគ្រោះច្បាស់លាស់ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឲ្យជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញាណនោះ កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ក៏ដូចជាកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ លោកបាននឹងកំពុងបន្តស្រាវជ្រាវស្វែងរក ក្រុមគ្រួសារសាច់ញាតិនៃជនរងគ្រោះ ៕
មតិយោបល់