ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចពីរខេត្ត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើឃាតកម្ម

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា យោងតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅល្ងាចថ្ងៃចន្ទ ៨រោចខែមិគសិរ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៨ និង៣០នាទី លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងសហការជាមួយកម្លាំង ព្រហ្មទណ្ឌក្រុងសៀមរាប ចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្ម (កាប់បណ្ដាលអោយស្លាប់) នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃអាទិត្យ ០៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២១ មានករណីឃាតកម្ម មួយលើកកើតឡើង នៅចំណុចលើផ្លូវខាងត្បូងរបងវត្តទួលរគាំង ស្ថិតនៅក្នុងភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជនសង្ស័យឈ្មោះ ញ៉ម អាន ភេទប្រុស រស់នៅភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានកាប់ទៅលើជនរងគ្រោះឈ្មោះ វ៉ាំង សុខហេង ភេទប្រុស អាយុ២៧ឆ្នាំ បណ្ដាលអោយស្លាប់ នៅកន្លែងកើតហេតុ មូលហេតុទំនាស់ពាក្យសំដីពេលផឹកស៊ី ។

យោងតាមការពិនិត្យ សាកសពរបស់គ្រូពេទ្យ កោសល្យវិច្ច័យពេទ្យខេត្ត និងកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្ត និងតាមការបំភ្លឺរបស់សាក្សីឈ្មោះ សែម សល់ ឈ្មោះ វ៉ាំង វិន ។ សមត្ថកិច្ចធ្វើការសន្និដ្ឋានថា សពឈ្មោះ វ៉ាំង សុខហេង ស្លាប់ដោយសារប៉ះទង្គិចនឹងវត្ថុរឹង មានមុខមុតនិងមានទម្ងន់ ដោយអំពើឃាតកម្ម (កាប់បណ្ដាលអោយស្លាប់) ។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូ ០១គ្រឿង កាន់កាំបិតកែច្នៃស្ទាក់កាប់ជនរងគ្រោះ ដែលកំពុងជិះម៉ូតូតាមផ្លូវ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំង អធិការដ្ឋាននគរបាលក្រុងសៀមរាប ឃាត់ខ្លួន និងត្រៀមបញ្ជូនទៅសមត្ថកិច្ចខេត្តពោធិ៍សាត់ ៕

មតិយោបល់