ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ សិស្សវិទ្យាល័យបាក់ទូកម្នាក់ ស្ថិតក្នុងចំណោមជនសង្ស័យចំនួន ៤នាក់ ដែលឆក់កាបូប បណ្តាលឲ្យស្ត្រីម្នាក់ ដួលម៉ូតូស្លាប់

ភ្នំពេញៈ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធនឹងករណីលួច មានស្ថានទំងន់ទោស (ឆក់កាបូប បណ្តាលឲ្យជនរងគ្រោះដួលស្លាប់)។

កើតហេតុនៅមូលដ្ឋានសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង៣០នាទី នៅមូលដ្ឋានចំនុចមុខដីឡូ លេខ២ ក្រុម៣៤ ភូមិ៤ ផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រសួង កម្លាំងការរិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកកិច្ចប្រតិបត្តិការ ធ្វើស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យម្នាក់ នៅចំណុចផ្ទះសំណាក់ហ្រ្គីន ស្ថិតនៅផ្លូវលេខ១២៥ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បានប្រហែល២០នាទី ក្រោយមក បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចដឿងហែមកែងផ្លូវលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងមួយចំនួន។

លុះដល់វេលាម៉ោង ១៥ និង៤០នាទី ថ្ងៃខែឆ្នាំដដែល បានស្រាវជ្រាវបន្ដ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅចំណុចផ្លូវលេខ១០៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងចាប់យកសម្ភារមួយចំនួន។

ជនសង្ស័យទាំង៤នាក់៖
១- ឈ្មោះ ចាន់ មុន្នីរ័ត្ន ហៅ ពៅ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨១ ផ្លូវ ១០៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរសិស្សវិទ្យាល័យបាក់ទូក ។
២- ឈ្មោះ អាន សុខវិន ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣៧ អឺ0 ហ្សិត ផ្លូវលេខ១៤០ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។
៣.ឈ្មោះ ស៊ីន សុរ៉ាយុត្ន ហៅ ឌីន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ, ស្នាក់នៅផ្ទះលេខ ១៥០ អឺ0 ហ្សិត ផ្លូវលេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, មុខរបរ មិនពិតប្រាកដ ។
៤.ឈ្មោះ ឡាយ ពេជ្របញ្ញា ប្រុស ឃាត់ខ្លួននៅនាយកដ្ឋានព្រហ្មទណ្ឌ ពាក់ពន្ធ័សំណុំរឿងឃាតកម្មផងឆក់ផង។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ផ្កាឈូក ១គ្រឿង។

សម្ភារបាត់បង់៖ ខ្សែដៃមាស១ខ្សែ ទំងន់មួយតម្លឹងកន្លះ ចិញ្ចៀនពេជ្រ១វង់, ខ្សែកផ្លាទីនមួយខ្សែ បណ្តោងពេជ្រ និងចិញ្ចៀនមាសមួយវង់ចំនួន៥ជី ប្រាក់ដុល្លារ៤,០០០$ និងប្រាក់រៀលមួយចំនួន និងទូរស័ព្ទ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យចំនួន៤នាក់ រួមនិងវត្ថុតាងខាងលើ បានឃាត់នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ០៣នាក់ នៅនាយកដ្ឋានព្រហ្មទណ្ឌម្នាក់ ម៉ូតូមួយគ្រឿង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការ តាមនីតិវិធីច្បាប់៕

មតិយោបល់