ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់រអិលជើងធ្លាក់ចូលស្រះទឹក បណ្តាលឲ្យលង់ទឹកស្លាប់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទី មានករណីក្មេងប្រុសម្នាក់លង់ទឹកស្រះ បណ្តាលអោយស្លាប់បាត់បង់ជីវិត ស្ថិតនៅចំនុចដីចំការក្រុមទី០៧ ភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ជនរងគ្រោះឈ្មោះ ធី ចាន់ថេត ភេទប្រុស អាយុ ០៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺឈ្មោះ អំ ចាន់ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ ស្រែចំការ ត្រូវជាជីតាជនរងគ្រោះបានប្រាប់ឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុ វេលាម៉ោង០៨ និង២០នាទី ខ្លួនបានយកចៅ (សាកសព) របស់ខ្លួនទៅចំការស្វាយរួចខ្លួនបាននាំចៅដើររើសដុំដីដាក់តាមគល់ស្វាយ រួចចៅប្រាប់ថាក្ដៅ ខ្លួនក៏ឲ្យចៅដើរទៅរោងមុន ពេលចៅដើរដល់រោងក៏អង្គុយលេងក្នុងរោងមួយសន្ទុះ ក្រោយមកក៏បាត់ខ្លួន ដើររកតែរកមិនឃើញខ្លួនក៏ទៅប្រាប់បងប្អូនឲ្យជួយរក ពេលចុះរាវក្នុងស្រះនៅក្បែររោងក៏ស្រាប់តែឃើញចៅរបស់ខ្លួននៅក្នុងទឹកស្រះស្លាប់បាត់ហើយ ។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើក្មេងប្រុសរងគ្រោះឈ្មោះ ធី ចាន់ថេត ពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែនខណៈពេលដើរទៅលេងមាត់ស្រះក៏រអិលជើងធ្លាក់ចូលទឹកព្រោះតែការធ្វើប្រហែសរបស់ជីតា ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់