ព័ត៌មានជាតិ

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បុកផ្លាកពាណិជ្ជកម្មនិងបង្គោលភ្លើង ក្រឡាប់ធ្លាក់ទឹកកកខ្ទាតរាយពេញផ្លូវ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង០៤និង៣០នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានរថយន្តធុនធំដឹកទឹកកក មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-6884 ខណៈពេលកំពុងបើកបរសុខៗ ស្រាប់តែរេចង្កូតជ្រុលទៅបុកផ្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ធ្លាក់ទឹកកកខ្ទាតរាត់រាយពាសពេញដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3F-6884 បើកបរដោយបុរសមិនស្គាល់នូវអត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេង ។ ខណៈពេលដែលកំពុងតែបើកបរសុខៗ នៅតាមដងផ្លូវនោះ មិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្ត បានរេចង្កូតជ្រុលល្បឿនទៅបុកផ្លាកផ្សព្វផ្សាយពាណិជ្ជកម្មបាក់អស់ចំនួនពីរផ្ទាំង មិនទាន់អស់ល្បឿន រថយន្តបានជ្រុលទៅ មុខបុកបង្គោលភ្លើងបន្ថែមទៀតបាក់អស់មួយដើម បណ្តាលឲ្យរថយន្តបង្កហេតុក្រឡាប់ធ្លាក់ទឹកកកខ្ទាតខ្ចាត់ខ្ចាយពាសពេញដងផ្លូវនៅត្រង់ចំណុចទីតាំងកន្លែងកើតហេតុនោះ ។

នៅពេលក្រោយកើតហេតុភ្លាមៗនោះ គេសង្កេតឃើញវត្តមានកម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវកន្លែងកើតហេតុនោះ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចនគរបាលជំនាញផ្នែកខាងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក៏បានចុះមកធ្វើការ ស្ទូចយករថយន្តបង្កហេតុខាងលើ យកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយ ថ្លៃខូចខាតនូវទ្រព្យសម្បត្តិរដ្ឋក៏ដូចជាទ្រព្យសម្បត្តិរបស់សាធារណៈ នៅតាមដងផ្លូវកើតហេតុនោះ ទៅតាមនីតិវិធីផ្លូវច្បាប់នៅពេលក្រោយ ។

សូមបញ្ជាក់ថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បណ្តាលឲ្យតៃកុងជាអ្នកបើកបរថយន្តបង្កហេតុ បានរងរបួសបន្តិចបន្តួចតែប៉ុណ្ណោះមិនជាធ្ងន់ធ្ងរអ្វីនោះទេ ។

ចំណែកឯប្រភពព័ត៌មាន នៃការគ្រោះថ្នាក់ចរាចរណ៍នោះវិញ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំក៏មិន​ទាន់បានដឹងច្បាស់នោះដែរ ។ ព្រោះករណីនេះជាព័ត៌មានបឋម មិនទាន់មានប្រភពពីសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក លោកបញ្ជាក់ប្រាប់ឲ្យដឹងនូវឡើយ ៕

មតិយោបល់