ភ្នំពេញៈ នៅវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ស្ត្រីតែងខ្លួនធ្វើជាបុរសម្នាក់ ស្រវឹងបើករថយន្ត តូយ៉ូតាព្រូសម៉ូតូគ្រឿងក្នុងល្បឿនលឿន ទៅបុករថយន្តធុនធំ មួយគ្រឿង នៅផ្លូវបំបែកជាបួនបណ្ដាលឲ្យរថយន្ត ធុនធំរេចង្កូតទៅបុកបង្គោលភ្លើងស្តុបមួយដើម បាក់រលំសង្កត់លើម៉ូតូកង់បីមួយគ្រឿង ឈប់ចតស្ងៀម រងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចស្តុបកងរាជអាវុធហ្ថត ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តធុនធំមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវពាក់ស្លាកលេខ ភ្នំពេញ 3A-8646 មានព្រូឡានម្នាក់រួមដំណើរជាមួយ បានបើកបរតាមបណ្ដោយផ្លូវលេខ២៨៩ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។
ខណៈនោះដែរ មានរថយន្តមួយគ្រឿងទៀតម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-5961 បើកបរដោយស្ត្រីម្នាក់ តែងខ្លួនធ្វើជាមនុស្សប្រុសបើកបរក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥២៨ ទិសដៅពីកើតទៅលិចក្នុងល្បឿន លឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តទាំងពីរគ្រឿង បានបុកគ្នាពេញទំហឹង ធ្វើឲ្យរថយន្តធុនធំរេចង្កូតទៅ ខាងស្ដាំជ្រុលបុកបង្គោលភ្លើងស្តុបចរាចរណ៍មួយដើម បាក់រលំសង្កត់លើម៉ូតូកង់បី មួយគ្រឿងទៀតម៉ាកបាចា ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1O-4479 កំពុងចតស្ងៀមនៅក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យក្រពឹតដំបូលនិងបែកកញ្ចក់ខាងមុខរងការខូចខាត ។
ចំណែកឯរថយន្ត តូយ៉ូតាព្រូស និងរថយន្តធុនធំរងការខូចខាតយ៉ាងដំណំផងដែរ ហើយបណ្តាលឲ្យបុរសម្នាក់ជាព្រូឡានបានកៀប ជើងជាប់ក្នុងរថយន្ត ។ បន្ទាប់មកពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ឃើញបាននាំគ្នាចុះមកជួយគាស់យកព្រូឡានចេញពីក្នុងរថយន្ត ប្រគល់ទៅរថយន្តគ្លីនិកឯកជនសម្ភពរស្មី ដឹកបញ្ជូនយកទៅសង្គ្រោះ ។
នៅក្រោយហេតុកើតហេតុ បុរសជាអ្នកបើករថយន្តធុនធំ បានអះអាងថារថយន្តរបស់គាត់ បានបើកឆ្លងកាត់ស្តុបកើតហេតុក្នុងភ្លើង សញ្ញាចរាចរណ៍ពណ៌បៃតង ដែលជាភ្លើងអទិភាព ហើយរថយន្ត តូយ៉ូតាព្រូស គឺជាអ្នកបំពានភ្លើងសញ្ញាចរាចរណ៍ដែលបើកឆ្លង កាត់ស្តុបភ្លើងពណ៌ក្រហម មកបុករថយន្តរបស់គាត់ ។ ស្របពេលនោះដែរ អ្នកបើកបររថយន្ត តូយ៉ូតាព្រូស ដែលមានសភាពស្រវឹង ស្រាមិនបានចេញពីក្នុងរថយន្តរបស់ខ្លួននោះទេ ។
ករណីខាងលើ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង និងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នាពេលក្រោយ ៕
មតិយោបល់