បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្មេងប្រុសអាយុទើបតែ០១ខួប០៧ខែម្នាក់ បានបាត់បង់ជីវិតខណៈរមៀលធ្លាក់ចូលក្នុងទឹកស្រះចម្ងាយប្រមាណ ៣០ម៉ែត្រ ខាងកើតផ្ទះដោយគ្មានអ្នកណាបានដឹង ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០៤ល្ងាច ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ នៅភូមិព្រៃចង្ហាកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ កុមារ៉ារងគ្រោះឈ្មោះ ខុន ម៉ាណែត អាយុ ១ឆ្នាំ ៧ខែ នៅភូមិព្រៃចង្ហាកើត ឃុំ បន្ទាយនាង ស្រុកមង្គលបូរី មានឪពុកឈ្មោះ លាក់ ផានិត អាយុ ៣០ឆ្នាំ និងម្តាយឈ្មោះ រុន លិ អាយុ ២៣ឆ្នាំ ទៅធ្វើការនៅប្រទេសថៃអស់ ដោយផ្ញើទុកកុមារ៉ារងគ្រោះ ឲ្យនៅជាមួយជីដូននិងជីតាជាអ្នកមើលថែ ។
ប្រភពដដែលបានបញ្ជាក់ថា៖ តាមការឲ្យដឹងពីយាយឈ្មោះ ធៀប ធី អាយុ៦៣ឆ្នាំ ដែលត្រូវជាជីដូន បានប្រាប់ថា នៅមុនពេលកើតហេតុគាត់រវល់ដាំបាយក្នុងផ្ទះហើយចៅបានដើរលេងខាងក្រៅ ចំណែកជីតារវល់ប្រមូលចំប៉ើងទុកនៅជិតស្រះដើម្បីបណ្តុះផ្សិត សង្ស័យពេលនោះចៅប្រុសរបស់គាត់ ដើរតាមជីតាទៅស្រះដោយគាត់មិនបានដឹងថាចៅដើរតាម ពេលបាត់ចៅរយៈពេលប្រហែល០១ម៉ោង មិនឃើញចៅ ក៏នាំគ្នាដើររកស្រាប់តែឃើញដានស្នាមរមៀលធ្លាក់ទឹកស្រះ នៅខាងកើតផ្ទះចម្ងាយប្រហែល ៣០ម៉ែត្រ ហើយបានចុះរាវរកក៏ប្រទះឃើញសព ស្លាប់ក្នុងទឹកស្រះ មិនដឹងពីពេលណានោះឡើយ ។
នគរបាលបានបញ្ជាក់ទៀតថា៖ ក្រោយពីទទួលបានព័ត៌មានភ្លាម យើងបានបង្កើតក្រុមការងារដើម្បីចុះធ្វើការត្រួតពិនិត្យសាកសព ដែលមានសមាសភាព ចូលរួម ៖ លោកមេឃុំបន្ទាយនាង លោកនាយផ្នែក ពិនិត្យកន្លែងកើតហេតុ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយនាង លោកអនុភូមិ និងលោកប្រធានមណ្ឌលសុខភាពឃុំបន្ទាយនាង ។ ឆ្លងតាមការត្រួតពិនិត្យលើខ្លួនប្រាណសព ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងករណីឃាតកម្មនោះឡើយ ។ ក្មេងរងគ្រោះគឺពិតជាបានស្លាប់ដោយសារលង់ទឹកស្រះបា្រកដមែន សពបានប្រល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យជាទីបំផុត៕





មតិយោបល់