ភ្នំពេញៈ នៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ រថយន្តតូយ៉ូតាព្រូស មួយគ្រឿង បើកខ្វះការប្រុងប្រយ័ត្ន បុករថយន្ត MasdaBT-50 មួយគ្រឿង កំពុងបើកបរឆ្លងផ្លូវបែកជាបួន បណ្ដាលឲ្យរងការខូចខាត ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញមនុស្សប្រុសស្រីចំនួន០២នាក់ បើកបររថយន្ត មួយគ្រឿងម៉ាក MasdaBT-50 ពណ៌ស ពាក់ស្លាកលេខ គជប 2-0041 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៥៧ ទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុ រថយន្តនោះ បើកឆ្លងកាត់ផ្លូវកម្ពុជាក្រោម ឆ្លងជិតផុតទៅហើយ ស្រាប់តែមានរថយន្ត មួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខកម្ពុជា SITHIKA9 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ហើយមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យរងការខូចខាត ។ ចំណែករថយន្ត តូយ៉ូតាព្រូស បានរងការខូចខាត មួយកំណាត់មុខ ។ ករណីនេះគ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។
នៅក្រោយពេលកើតហេតុ ភាគីទាំងពីរមិនចង់មានរឿងវែងឆ្ងាយ បានដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយភាគីខាងរថយន្តបង្កហេតុម៉ាក តូយ៉ូតាព្រូស ព្រមយករថយន្ត MasdaBT-50 ទៅជួសជុលដើម្បីបញ្ចប់រឿង ៕
មតិយោបល់