ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីឆក់

ភ្នំពេញៈ ករណីលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរស័ព្ទដៃ) នៅចំណុចមុខរោងចក្របេតាក្រូ ផ្លូវបេតុង ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ៤និង០០នាទីរសៀល។

ដំណើររឿង៖ នៅថៃ្ងទី១១ ខែមករា ឆាំ្ន២០២២ កម្លាំងតាមផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍ បានចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះវេលាម៉ោងប្រហែល ៤និង០០នាទីរសៀល ក៏មានការរាយការណ៍ពីសន្ដិសុខថា មានករណីឆក់ទូរស័ព្ទកើតឡើង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្លាមនោះលោកអធិការបានបញ្ជា កម្លាំងកំពុងល្បាត ឃាត់បានជនសង្ស័យឈ្មោះ លន ផាលិ រួមទាំងទូរស័ព្ទរបស់ជនរងគ្រោះ និងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹង ប៊ុនឡុង ដែលកំពុងបើកម៉ូតូម្តុំផ្លូវរថភ្លើង ភូមិប្រទះឡាង សង្កាត់ប្រទះឡាង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល។ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១០និង៣០នាទីព្រឹក លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយសមត្ថកិច្ចនគរបាលឃុំជង្រុក ស្រុកគងពិសី ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ហម សុខនិត ភេទប្រុស អាយុ ១៨ឆ្នាំ ដែលកំពុងដេកនៅក្នុងបន្ទប់ជួល ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមទាំងម៉ូតូម៉ាកសេ១២៥ ស៊េរី០១៤ ឡើងតែម០២១ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1U-1554 ។

ឃាត់សង្ស័យចំនួន ០៣នាក់៖
ទី១-ឈ្មោះ ស៊ឹង ប៊ុនឡុង ហៅ ឡុង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន)។

ទី២-ឈ្មោះ លន ផាលិ ហៅ ខ្មៅ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជន្លូញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន មានសារធាតុញៀន)។

ទី៣-ឈ្មោះ ហម សុខនិត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួនមានសារធាតុញៀន។

វត្ថុតាងចាប់យក៖ ម៉ូតូចំនួន ០២គ្រឿង ម៉ាកឃ្លីក ស៊េរី ០២១ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IY-9347, ម៉ាកសេ១២៥ ស៊េរី០១៤ ឡើងតែម០២១ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1U-1554 របស់ជនសង្ស័យជិះធ្វើសកម្មភាព និងទូរស័ព្ទចំនួន០១គ្រឿងម៉ាកវីវូ ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់