ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកឡិចស៊ីស RX-330 ពណ៌ស្ករ មួយគ្រឿង បើកបរក្នុងល្បឿនលឿន ទៅបុករបាំងថ្មចែកទ្រូងពេញទំហឹង ផ្លូវបណ្តាលឲ្យរថយន្តដាច់កាឡេកង់មុខខាងឆ្វេង គងនៅលើរបាំងថ្មទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទី យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទល់មុខផ្សារឃ្លាំងរំសេវ តាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្តបង្កខាងលើម៉ាកឡិចស៊ីស RX-330 គ្រឿងពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-3669 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ តាមបណ្តោយផ្លូវម៉ោសេទុង ក្នុងទិសដៅពីជើងទៅត្បូង លុះបានមកដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកបរស្រវឹងមើលមិនឃើញរបាំងថ្មចែកទ្រូង ក៏បើកបុកចំពីមុខធ្វើឲ្យរថយន្តឡើងកល់ជាប់កង់មួយចំហៀង ទៅមុខលែងរួចតែម្តង។ ប៉ុន្តែសំណាងល្អ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះឡើយ គឺគ្រាន់តែខូចខាតរថយន្តនិងរបាំងថ្មតែប៉ុណ្ណោះ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ដោយសហការជាមួយសមត្ថកិច្ចជំនាញចុះវាស់វែងយករថយន្តនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់