ព័ត៌មានជាតិ

បុរសមួយក្រុមចេញពីក្លឹបកម្សាន្ត បើករថយន្តក្នុងសភាពស្រវឹង ជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវ

ភ្នំពេញ: នៅវេលាម៉ោង០៣និង២០នាទីទៀបភ្លឺថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បុរសមួយក្រុមទើបតែចេញពីក្លឹបកម្សាន្ត បានបើករថយន្តម៉ាក ហាយលែនឌ័រ មួយគ្រឿង ដោយសភាពស្រវឹងជោកជាំ រួចក៏ជ្រុលចង្កូតទៅបុកឡើងខឿន សួនច្បារពុះចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួច ទីតាំងកន្លែងកើតហេតុ ស្ថិតត្រង់ចំណុចក្បែរក្រុមហ៊ុនលក់រថយន្តឡាំប៉ូហ្គីនី តាមបណ្ដោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសមួយក្រុមមានគ្នា៤នាក់ បានបើកបររថយន្ត មួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AQ-9143 ទើបតែចេញពីក្លឹបកម្សាន្តEpic2 ដោយធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវR8 ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តនោះក៏បានរេទៅខាងឆ្វេង ជ្រុលទៅបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តកល់ជាប់លើខឿន ទៅមុខលែងរួច រងការខូចខាតបែកកង់ខាងក្រោយចំហៀងខាងឆ្វេង ។

នៅក្រោយពេលកើតហេតុ ដោយខឿនសួនច្បារពុះចែកទ្រូងផ្លូវ ពុំមានរងការខូចខាតអ្វីនោះទេមានសន្តិសុខនៅយាមក្បែរ កន្លែងកើតហេតុនោះ អនុញ្ញាតឲ្យម្ចាស់រថយន្ត ធ្វើការទាក់ទងហៅរថយន្តស្ទូច យករថយន្តរបស់ខ្លួនចេញពីកន្លែងកើតហេតុ ៕

មតិយោបល់