ព័ត៌មានជាតិ

រថយន្តស្លាកលេខនគរបាល 2-3882 បុករះទីតាំងកន្លែងលក់មីឆា បណ្តាលឲ្យមនុស្សរបួសនិងខូចខាតផ្នែកសម្ភារៈ

ភ្នំពេញ: នៅវេលាម៉ោង០១ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកាម៉ារី មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខនគរបាល 2-3882 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានបុករះកន្លែ ងលក់មីឆា និងបាយឆាមួយកន្លែង បណ្តាលឲ្យមនុស្សរងរបួស និងរងការខូចខាតផ្នែកសម្ភារ: បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងដល់
បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមាន ជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដំណើរនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកកាម៉ារី ពណ៌ស ពាក់ស្លាកលេខនគរបាល 2-3882 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានបើកបរធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេង នៅម្តុំលូប្រាំ ។ លុះពេលធ្វើដំណើរ មកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបើកគេចរថយន្តកុងតឺន័រមួយគ្រឿង បណ្តាលឲ្យរេចង្កូតបុករះចូលទីតាំងកន្លែងលក់មីឆា និងបាយឆា បណ្តាលឲ្យមនុស្សរងរបួសស្រាលម្នាក់ និងរងការខូចខាតផ្នែកសម្ភារ:បែកបាក់ខ្ទេចខ្ទី និងរប៉ាត់រប៉ាយរាត់រាយពាសពេញ នៅទីតាំងកន្លែងលក់ដូរ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបាននាំខ្លួនតៃកុងរថយន្តបង្កហេតុ និងភាគីជនរងគ្រោះ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីធ្វើការចរចាដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់