ព័ត៌មានជាតិ

ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង រេចង្កូតបុកបង្គោលសញ្ញាចរាចរណ៍ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរងរបួសធ្ងន់

​បន្ទាយ​មាន​ជ័យៈ ​យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​រង​របួស​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​បង្ក​ដោយ​ខ្លួនឯង​បើក​ម៉ូតូ​បុក​បង្គោល​សញ្ញា​ចរាចរណ៍​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A​ ត្រង់​ចំណុច​ទល់មុខ​អនុ​វិទ្យាល័យ​តា​បែន ​ក្នុងភូមិ​គោក​រកា​ ឃុំ​តា​បែន​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ នៅ​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២២​ ។​

​នគរបាល​ស្រុ​ស្វាយចេក​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ ខន​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​ឫស្សី​ ឃុំ​ឈ្នួ​រ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ជា​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ស្លាបកំភេម​ ស៊េរី​ឆ្នាំ​២០០៣​ គ្មាន​ស្លាក​លេខ​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ ច​យ​ ខី​ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​គោក​ព្រិច​ត្បួ​ង​ ឃុំ​តា​ផូ​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​ក្នុង​ស្ថានភាព​ស្រវឹង​ បើក​លឿន​និង​ចាំង​ភ្លើង​ឡាន​បញ្ច្រាសទិស​ ។​ ពេល​មក​ដល់​ចំណុច​កើតហេតុ ​បាន​រេ​ចង្កូត​បុក​ជាមួយ​បង្គោល​សញ្ញា​ចរាចរណ៍​ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​ ចំណែក​អ្នក​រួម​ដំណើរ​រង​របួស ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយចេក​ ។​ សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ បន្ទាប់​ពី​នគរបាល​បាន​ពិនិត្យ​រួច​ ៕

មតិយោបល់