ភ្នំពេញៈ ប្រទះឃើញម៉ូតូដែលជនសង្ស័យប្លន់ពីក្មេងរងគ្រោះអាយុ ១២ឆ្នាំ កាលពី ៤ថ្ងៃមុន ខណៈពេលក្មេងប្រុសនោះ ឌុបជនសង្ស័យពីផ្សារសាំហាន់ ទៅផ្សារកណ្តាល ស្រាប់តែប្រទះឃើញនៅមុខណេតអត់យីហោមួយកន្លែងក្នុងខណ្ឌដូនពេញ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅមុខណេតមួយកន្លែងខាងមុខព្រះវិហារឥស្លាម តាមបណ្តោយផ្លូវ៨៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្មេងប្រុសរងគ្រោះឈ្មោះ សុខ ប៊ុនឡុង អាយុ ១២ឆ្នាំ ស្នាក់នៅម្តុំផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកស៊ុយស៊ូគីសូឃុត ពណ៌ខ្មៅ គ្មានផ្លាកលេខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ក្មេងប្រុសរងគ្រោះ បានជិះម៉ូតូឌុបជនសង្ស័យពីផ្សារសាំហាន់ក្នុងខណ្ឌឫស្សីកែវ មកផ្សារកណ្តាលក្នុងខណ្ឌដូនពេញ ក្នុងតម្លៃ ១០,០០០រៀល លុះឌុបមកដល់ក្បែរផ្សារកណ្តាល ជនសង្ស័យបានធ្វើសកម្មភាពគំរាម និងវាយប្លន់យកម៉ូតូពីក្មេងប្រុសរងគ្រោះទៅបាត់តែម្តង។
បន្ទាប់ពីកើតហេតុក្មេងប្រុស និងក្រុមគ្រួសារមិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចនោះទេ រហូតដល់ល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ បងស្រីរបស់ជនរងគ្រោះមកលក់បាយនៅខាងក្រោយពេទ្យកាល់ម៉ែត ក៏ក្រឡេកឃើញមានអ្នកជិះម៉ូតូនៅម្តុំខាងក្រោយពេទ្យ លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានដើររក ក៏ស្រាប់តែប្រទះឃើញម៉ូតូរបស់ខ្លួននៅមុខណេតឥស្លាមអត់យីហោមួយកន្លែងខាងលើ ឯជនសង្ស័យគេចខ្លួនបាត់។
ក្រោយមកក៏មានការឆោឡោផ្អើលដល់សមត្ថកិច្ច និងអ្នកសារព័ត៌មានបន្ទាប់ពីសមត្ថកិច្ចផ្ទៀងផ្ទាត់ថា ពិតជាម៉ូតូរបស់ជនរងគ្រោះក៏បានប្រគល់ឲ្យវិញ ៕
មតិយោបល់