ភ្នំពេញៈ ក្នុងមួយយប់បាត់ម៉ូតូអស់ចំនួន០៦គ្រឿង បានសម្រេចក្នុងបរិវេណបន្ទប់ជួល ពីរទីតាំងនៅទល់មុខគ្នា បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៤និង០០នាទីទៀបភ្លឺថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុនៅក្នុងបរិវេណបន្ទប់ជួល ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះបាត់ម៉ូតូទាំងនោះទី១-ឈ្មោះ ម៉េត ស្រីគីម ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ទីតាំងកន្លែងកើតហេតុ ។
ទី២-ឈ្មោះ រ័ត្ន ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុដូចគ្នា ។ ចំណែកឯជនរងគ្រោះ ចំនួន០៤នាក់ផ្សេងទៀត សុំមិនបញ្ចេញឈ្មោះ ។
ម៉ូតូដែលក្រុមជនសង្ស័យធ្វើសកម្មភាព លួចយកទៅបាត់នោះរួមមាន៖ ម៉ូតូស្កុពី ពណ៌ស ពាក់ស្លាកលេខព្រៃវែង 1G-9343 ហុងដាឌ្រីម ឆ្នាំ២០២១ ហ្សូមម័រ ស្មាស់វី ហុងដាឌ្រីម២០១៦ ហុងដាវ៉េវ ម៉ូតូទាំង០៦គ្រឿងនេះជាម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យបានលួចយកទៅបាត់ដោយសុវត្ថិភាព ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នេះជនរងគ្រោះបានត្រឡប់មកពីធ្វើការ ងារបានទុកម៉ូតូនៅក្នុងបរិវេណបន្ទប់ជួលខាងមុខបន្ទប់ដូចធម្មតា លុះរហូតមកដល់វេលាម៉ោង០៤ទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានជនរងគ្រោះភ្ញាក់ពីដំណេក និងងាករកម៉ូតូរបស់ខ្លួនមិនឃើញ ក៏បង្កការភ្ញាក់ផ្អើលកើតឡើង និងជនរងគ្រោះផ្សេងទៀត ក៏នាំគ្នាដើរមើលម៉ូតូរបស់ខ្លួន ក៏ស្រាប់តែបាត់ម៉ូតូដែរសរុបចំនួន០៤ គ្រឿង នៅក្នុងបរិវេណបន្ទប់ជួលមួយកន្លែង ។ ស្របពេលនោះនៅក្នុងបរិវេណបន្ទប់ជួលមួយកន្លែងផ្សេងទៀត ដែលនៅទល់មុខគ្នានោះ ក៏បង្កការភ្ញាក់ផ្អើលកើតឡើង ដោយពួកគាត់បានបាត់ម៉ូតូចំនួន០២គ្រឿងផងដែរ ។ សរុបម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចយកទៅបាត់នោះទាំងអស់មានចំនួន០៦គ្រឿង ។
នៅក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៦នាក់ ដែលស្នាក់នៅបន្ទប់ជួល ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ និងស្វែងរកចាប់ជនសង្ស័យ ដែលលួចយកម៉ូតូបានសម្រេចទាំង០៦គ្រឿង យកមកផ្តន្ទាទោសទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់