ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាល ក្មេងប្រុសម្នាក់អាយុ ៧ឆ្នាំ ជិះកង់មកពីសាលារៀន ត្រូវរថយន្តកូរ៉េកិននិងស្លាប់ពេលកំពុងបញ្ជូនទៅសង្រ្គោះ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវក្នុងបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងប្រុសរងគ្រោះឈ្មោះ ធៀន អាយុ ៧ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅក្បែរកន្លែងកើតហេតុ ។ ចំណែក រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-9275 ដឹកអំបោសដើរលក់ បើកបរដោយឈ្មោះ ឆិល កក្កដា ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិបឹង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា មុនកើតហេតុគេបានឃើញ ក្មេងរងគ្រោះជិះកង់ ពីកើតទៅលិច ដល់ចំណុចកើតហេតុ បត់ស្តាំឆ្ពោះទៅជើង ក៏ប៉ុន្តែត្រង់ចំណុចកើតហេតុ មានទួលថ្ម ផ្លូវខូច ក្មេងរងគ្រោះជិះឡើង រអិលដួល ស្របពេលដែលរថយន្តបង្ក បើកពីជើងទៅត្បូងហ្វ្រាំងមិនទាន់ ជ្រុលកិន រងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកដឹកយកចេញ បានបន្តិច មិនទាន់បានប៉ុន្មានផង ក្មេងរងគ្រោះក៏បានស្លាប់ ទើបដឹកយកទៅផ្ទះក្បែរនោះតែម្តង ក្រុមគ្រួសារ ឪពុក ម្តាយទ្រហោយំបោកខ្លួន ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង វាស់វែង យករថយន្ត កង់ និងអ្នកបើកបររថយន្តទៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់