ព័ត៌មានជាតិ

រកឃើញទៀតហើយ​ ទឹកក្រូចកំប៉ុង ទឹកស៊ីអ៊ីវ ស្រាបៀរអង្គរ ម្សៅស៊ុប កាហ្វេ ហួសកាលបរិច្ឆេទប្រើប្រាស់

រតនគិរីៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង បង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារបានលុង ខេត្តរតនគិរី។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន រួមមាន គ្រឿងសមុទ្រដូចជា មឹក បង្គា ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២៧.២០គីឡូក្រាម មានដូចជា៖
-ទឹកក្រូចកំប៉ុង ចំនួន ៣៥កំប៉ុង ស្មើនឹង ១២.២៥ គីឡូក្រាម
-ទឹកស៊ីអ៊ីវ ចំនួន ១០ដប ស្មើនឹង ៤.៦០គីឡូក្រាម
-ស្រាបៀរអង្គរ ចំនួន ៥កំប៉ុង ស្មើនឹង១.៦៥គីឡូក្រាម
-ម្សៅស៊ុប ចំនួន ២៥កញ្ចប់ ស្មើនឹង ០.៤២គីឡូក្រាម
-កាហ្វេ ចំនួន ៤៦កំប៉ុង ស្មើនឹង ៨.២៨គីឡូក្រាម

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់