ព័ត៌មានជាតិ

រថយន្ត ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង

ភ្នំពេញ: បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីត បើកឆ្លងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្ររងការខូចខាតធ្ងន់ធ្ងរទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចទល់មុខបុរីពិភពថ្មី២ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកកាមរីហាយព្រីត ពណ៌សមួយគ្រឿង បានដោះស្លាកលេខចេញ បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាកបួន ស្រាប់តែគេឃើញមានបុរសម្នាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌សបានដោះស្លាកលេខចេញ បើកបរតាមបណ្តោយផ្លូវបេតុទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក កាមរីហាយប្រ៊ីត ចំពាក់កណ្តាលយ៉ាងពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យរងការខូចខាតផ្នែកចំហៀងខាងឆ្វេងធ្ងន់ធ្ងរ ចំណែករថយន្តឡង់គ្រីស័រវិញខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមាននាក់រងរបួសនៅក្នុងហេតុការណ៍ខាងលើនោះទេ។

ក្រោយកើតហេតខាងលើដោយភាគីទាំងពីរសម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅផ្នែកជំនាញ ឲ្យចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់