ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងកង់បី បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតតាមបណ្ដោយផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សុខ មេង ភេទប្រុស អាយុ ៣៥ឆ្នាំ (ស្លាប់) មានស្រុកកំណើតនៅខេត្តព្រៃវែង បើកបរម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IC-5188។
ម៉ូតូកង់បី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1TL-0940 បើកបរដោយបុរសម្នាក់ (ឃាត់ខ្លួន)។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ បើកបរម៉ូតូតាមបណ្ដោយផ្លូវខាងលើ ពីលិចទៅកើតហើយបានបត់ឆ្វេង បម្រុងឡើងទៅផ្លូវជាតិលេខ៤ ខណៈបត់បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានកង់បីមួយគ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងល្បឿនលឿនពីជើងទៅត្បូង ក៏ត្រូវម៉ូតូជនរងគ្រោះបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕








មតិយោបល់