ព័ត៌មានជាតិ

ជនសង្ស័យលួចម៉ូតូ០១នាក់ក្នុងចំណោម០២នាក់ត្រូវសមត្ថកិច្ចឃាត់ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក០២នាក់ ត្រូវបានប្រជាពលរដ្ឋជាម្ចាស់ម៉ូតូសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួកចាប់ឃាត់ខ្លួនរៀបចំសំណុំរឿងតាមនិតិវិធី ។ ករណីលួចម៉ូតូនេះបានកើតឡើងនៅ វេលាម៉ោង០៤និង៣០នាទីទាបភ្លឺ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ៖ ជនសង្ស័យដែលត្រូវបានចាប់ឃាត់ ឈ្មោះ ជី សុហេង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក និងបក្សពួកម្នាក់ទៀតឈ្មោះ ហាប វេហា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរត់គេចខ្លួនបាត់ ។ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនទាំងពីរនាក់ ហើយធ្លាប់ជាប់មណ្ឌលកែប្រែភ្នុំបាក់ចំនួន០៣លើក មកហើយដែរ។ ចំណែកម្ចាស់ម៉ូតូ ឈ្មោះ ណុប សុខៀន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិធ្លក ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ម៉ូតូម៉ាកវេវ C110 ពណ៌ក្រហម-ខ្មៅ សេរីឆ្នាំ 2019 គ្មានស្លាកលេខ ចតទុកមុខផ្ទះទាំងសោរ ។

លោកអធិការបានបញ្ជាក់ថា ៖ តាមការបំភ្លឺពីម្ចាស់ម៉ូតូឲ្យដឹងថា ៖ នៅវេលាម៉ោង០៤និង៣០នាទីទាបភ្លឺ ថ្ងៃទី04 ខែកុម្ភៈ ខ្លួនបានលឺសម្លេងម៉ូតូរោទិ៍ ក៏ភ្ញាក់ហើយក្រោកមើលទើបដឹងថា មានចោរចំនួន០២នាក់បានចូលធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ដែលចតទុកមុខផ្ទះទាំងសោរ បន្ទាប់មកបានផ្តល់ព័ត៌មានដល់នគរបាលនិងបើកឡានដេញតាមប្រផាប់ប្រភីង រហូតដល់ស្ពានទីពីរ ខាងជើងទីរួមស្រុកថ្មពួក លើផ្លូវជាតិ56A តាមទាន់និងចាប់ឃាត់បានជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ជី សុហេង ចំណែកបក្សពួក០១នាក់ទៀតឈ្មោះ ហាប វេហា បានរត់គេចខ្លួន ។

លោកអធិការបានបញ្ជាក់ថា ៖ ក្រោយពីឃាត់ខ្លួននិងសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិង បក្សពួក០១នាក់ទៀត ពិតជាបានប្រើប្រាស់គ្រឿងញៀន និងលួចម៉ូតូប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាពនិងករណីចាប់ឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យកម្លាំងនគរបាលផ្នែកជំនាញព្រហ្មទណ្ឌកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេតុ្ត ដើម្បីចាត់ការបន្តតាមនិតិវិធី ចំណែកម៉ូតូប្រគល់ជូនម្ចាស់ដើមវិញ ៕

 

មតិយោបល់