ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនប្រពន្ធ និងប្ដីចុង ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន (សម្លាប់ប្ដីដើម)

ប៉ៃលិន: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង ១១និង០០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ បានទទួលការរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីប្រទះឃើញសាកសពដេកស្លាប់ចំនួន ០១នាក់ នៅចំណុចចម្ការដំឡូងមី ស្ថិតនៅក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សពរងគ្រោះមានឈ្មោះ ពិន សុខខន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រោមការដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោមាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានធ្វើការដឹកនាំស្រាវជ្រាវហៅមុខសញ្ញាជនសង្ស័យដែលត្រូវជាគ្រួសារសព និងប្តីចុង មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ តាមចម្លើយជនសង្ស័យទាំងពីរបានសារភាពថា ខ្លួនពិតជាបានរៀបគម្រោងសម្លាប់ ជនរងគ្រោះពិតប្រាកដមែន។

១– ជនសង្ស័យទី១ ឈ្មោះ ខៀវ បញ្ញា (ហៅ ក្អាត់) ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
២– ជនសង្ស័យទី២ ជាប្រពន្ធដែលបានផ្សំគំនិតឈ្មោះ ឈឹម ឈន អាយុ៤២ឆ្នាំមុខរបរកសិកររស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនសង្ស័យបានបន្តរៀបរាប់ដំណើររឿងថា កាលពីវេលាម៉ោងប្រហែល ១៩និង០០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ គឺគ្រួសារជនរងគ្រោះ(ប្រពន្ធ) និងប្ដីចុងបានរៀបគម្រោងសម្លាប់ទៅលើជនរងគ្រោះ ដោយបានដាក់ថ្នាំបាញ់ស្មៅទឹកខៀវលាយជាមួយស្រាចំនួនមួយកែវ(ស្រាតិច ថ្នាំទឹកខៀវច្រើន) ឱ្យប្ដីដើមផឹក នៅពេលដែលជនរងគ្រោះមានសភាពពុលថ្នាំ(ប្រកាច់) ទើបជនសង្ស័យទាំងពីរបានលីទៅចម្ការដំឡូងខាងក្រោយផ្ទះចម្ងាយប្រហែល ៤០០ម៉ែត្រ ដោយឃើញជនរង គ្រោះមិនទាន់ស្លាប់ ទើបជនសង្ស័យបានយកដំបងសំពងទៅលើជនរងគ្រោះចំនួន ០៣ដំបងបន្ថែម (ក្រោមភ្នែកថ្ពាល់ខាងស្ដាំ ពីរដំបង និងកញ្ចឹងក មួយដំបង)បន្ថែមទៀតរួចក៏នាំគ្នាត្រឡប់មកផ្ទះវិញ។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់