ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ក្នុងរយៈពេល៧ខែ ការផលិតមាសនៅខេត្ដមណ្ឌលគិរី បានប្រមាណ ១ ៧៥១ គីឡូក្រាម

ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងថា ដោយគ្រាន់តែក្នុងរយ:ពេលប្រមាណ៧ខែ កន្លងមកនេះ ក្រុមហ៊ុនអូស្ត្រាលីបានរុករកមាសនៅខេត្ត មណ្ឌលគិរីបានចំនួន ១ ៧៥១ គីឡូក្រាម ដោយដុំខ្លះមានទម្ងន់រហូតដល់ជាង៣០គីឡូក្រាម។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែង ៩៣,៥៦គីឡូម៉ែត្រ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ជាង ៣៣ លានដុល្លារអាម៉េរិក នៅព្រឹកថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាន់តែក្នុងរយ:ពេល៧ខែ យើងផលិតមាសបាន ១ ៧៥១ គីឡូក្រាម ហើយថ្ងៃនេះយើងក៏ផលិតបានទៀត ដែលជាទូទៅយើងផលិតបានពី៨០គីឡូក្រាម ទៅ១០០គីឡូក្រាម។ សម្តេចតេជោបានលើកឡើងថា ការផលិតមាសនៅក្នុងប្រទេសកម្ពុជាបានផលិតកាន់តែច្រើនទៅៗដោយសារប៉ូលសេដ្ឋកិច្ចនៅទិសឦសាន្ត គឺកសិឧស្សាហកម្ម និងធនធានរ៉ែរបស់យើង។ យើងនៅមិនទាន់ស្រាវជ្រាវអស់ទេ ដូចជារ៉ែបុកស៊ីត រ៉ែធ្យូងថ្ម និងមានកន្លែងផលិតមាស ដទៃទៀត ដែលមិនទាន់បានប្រើប្រាស់នោះទេ។ សម្តេចតេជោបានបន្ដថា មាសដែលផលិតបាននេះ មិនទាន់ក្លាយជាមាសទឹកដប់នោះទេ ដោយត្រូវតែដឹកយកទៅផលិតឱ្យក្លាយជាមាសទឹកដប់នៅប្រទេសអូស្ត្រាលី។ សម្ដេចតេជោបន្ដទៀតថាមាសដែលផលិតបាននោះ ខ្លះមួយដុំមានទម្ងន់២០គីឡូក្រាម ខ្លះជាង៣០គីឡូក្រាម និងខ្លះទៀតជាង១០គីឡូក្រាម ដែលត្រូវដឹកទៅចម្រាញ់ ឱ្យក្លាយជាមាសទឹកដប់នៅប្រទេសអូស្ត្រាលី។ សម្តេចតេជោបានបញ្ជាក់ថា “អីចឹងការប៉ាន់ស្មានរបស់ខ្ញុំគឺត្រូវ ឥឡូវដំណាំ ដែលដាំដុះ នៅខេត្តចំនួន៤ ត្រូវបាននាំចេញ បើទោះបីជាដីមិនទាន់ បានកែច្នៃក៏ដោយ។ ប៉ុន្តែដំនាំកៅស៊ូ ស្វាយចន្ទី ម្រេច និងដំណាំដទៃទៀតបាននាំចេញទៅបរទេស ជាវត្ថុធាតុដើមផង និងផលិតផលកែច្នៃ សម្រេចផងដែរ”។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានសម្តែងការសប្បាយរីករាយចំពោះអ្វីដែលសម្តេចសម្រេចត្រូវក្នុងការគូសវាសអភិវឌ្ឍន៍ក្រោយប្រទេសមានសន្តិភាព។

សូមរម្លឹកផងដែរ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ បានប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ ក្នុងពិធីបើកដំណើរការនេះ ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានអះអាងថា នៅពេលដំណើរការ នៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ គឺមានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២ លានតោន ក្នុង ១ ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ភាគរយ។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា មាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២ នាក់ ក្នុងនោះ ជនជាតិខ្មែរប្រមាណ ៤២៧ នាក់ និងបរទេស ៣៥ នាក់ ហើយអាចទាញចំណូលប្រមាណ ១៨៥ លានដុល្លារអាម៉េរិក ក្នុង ១ ឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០ លានដុល្លារអាម៉េរិក។

ជាមួយគ្នានេះដែរ កន្លងមក សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ដែរថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ សម្តេចតេជោមានប្រសាសន៍ទៀតថា ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕

មតិយោបល់