(ប៉េកាំង)៖ អាជ្ញាធរនៅទីក្រុង Baise នៃភាគនិរតីប្រទេសចិន បានបង្គាប់ឱ្យប្រជាជនទាំងអស់ស្នាក់នៅក្នុងផ្ទះ និងចៀសវាងរាល់ការធ្វើដំណើរដែលមិនចាំបាច់ ខណៈពួកគេកំពុងព្យាយាមគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ COVID-19 រហូតដល់មានការជូនដំណឹងជាថ្មី។
កំឡុងការបិទខ្ទប់នេះ ប្រជាជនប្រមាណ ៣.៦លាននាក់ ដែលកំពុងរស់នៅក្នុងទីក្រុង Baise មិនត្រូវចាកចេញផ្ទះឡើយ លើកលែងតែការធ្វើដំណើរទៅទិញសម្ភារៈ ចំបាច់ ឬត្រូវទៅធ្វើតេស្តរក COVID-19។ ចំណែកឯ អាជីវកម្មមិនសូវសំខាន់ រួមជាមួយសាលារៀន និងមធ្យោបាយធ្វើដំណើរសាធារណៈ ក៏ត្រូវផ្អាកផងដែរ ហើយបុគ្គលិកក្នុងវិស័យចាំបាច់ ត្រូវមានបណ្ណពិសេសជាប់ខ្លួន សម្រាប់ការធ្វើដំណើរនៅក្នុងទីក្រុង ខណៈការធ្វើដំណើរដែលមិនចាំបាច់ចេញ-ចូលទីក្រុង ត្រូវបានហាមឃាត់។
ទីក្រុង Baise ដែលស្ថិតជាប់ព្រំដែនប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លង COVID-19 ក្នុងសហគមន៍ចំនួន៣៧ករណី សម្រាប់ថ្ងៃទី០៦ ខែកុម្ភៈ រីឯតួលេខសម្រាប់១ថ្ងៃមុននោះ គឺតែ៦ករណីប៉ុណ្ណោះ៕
ប្រភព៖ Reuters
មតិយោបល់