ព្រះវិហារៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី មានករណីរួមភេទជាមួយអនីតិអាយុក្រោម ១៥ឆ្នាំ នៅចំណុចផ្ទះសំណាក់តោពីរ ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។
កម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋានស្រុករវៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមបណ្តឹងឈ្មោះ វ៉ាន់ រុណ ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ កសិករ (ម្តាយជនរងគ្រោះ)។ ជនរងគ្រោះឈ្មោះ កខ ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរកសិករ ។ ជនសង្ស័យឈ្មោះ ឡុង ឆៃលាង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងផ្ទះ។ អ្នកទាំងបីរស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
នៅថ្ងែទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២២និង០០នាទី មានករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
កម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋានស្រុកជាំក្សាន្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមបណ្តឹងឈ្មោះ ឡោត លឿម ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ទាហាន ត្រូវជាឪពុកជនរងគ្រោះ ។ ជនរងគ្រោះឈ្មោះ កខ ភេទស្រី អាយុ ១៥ឆ្នាំ មុខរប សិស្ស ។ ជនសង្ស័យឈ្មោះ កុយ សុផៃ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ ។ អ្នកទាំងបីរស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានបញ្ជួនសំណុំរឿង និងជនសង្ស័យចំនួន០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវធីច្បាប់ ៕


មតិយោបល់