ព័ត៌មានជាតិ

បុរសស្រវឹងស្រាម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកអូឌី បុករ៉ឺម៉កម៉ូតូដឹកបន្លែ បណ្តាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់២នាក់

ភ្នំពេញ: នៅវេលាម៉ោង០៤និង១២នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តអូឌីស៊េរីទំនើប ក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុករ៉ឺម៉កម៉ូតូដឹកបន្លែពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងស្ត្រី២នាក់រងរបួសធ្ងន់ រថយន្តមិនទាន់អស់ល្បឿនរេចង្កូតឡើងចិញ្ចើមផ្លូវបុកបង្គោលភ្លើង និងដើមឈើ ទៅមុខលែងរួច ទីតាំងជិតស្តុបណតប្រ៊ីតផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្តបង្កហេតុម៉ាកអូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AZ2550 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងស្ថានភាពស្រវឹង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

សពជនរងគ្រោះឈ្មោះ ស៊ុយ វណ្ណ: ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់បន្លែ ស្រុកកំណើតនៅភូមិជ្រោយចំប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ រីឯស្ត្រី០២នាក់ផ្សេងទៀតរងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ រួមទាំងស្ត្រី០២នាក់ បានជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ ធ្វើដំណើរតាមដងផ្លូវ២០០៤ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលមកដល់ចំណុចកើតហេតុស្រាប់តែបុរសម្នាក់ បើករថយន្តស៊េរីទំនើប មួយគ្រឿងម៉ាកអូឌី ពណ៌ខ្មៅ ធ្វើដំណើរស្របទិសដៅគ្នាយ៉ាងលឿន ក្នុងស្ថានភាពស្រវឹងស្រា ជ្រុលទៅបុករ៉ឺម៉កម៉ូតូដឹកបន្លែពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូ ផ្លោងបោកក្បាលចិញ្ចឹមផ្លូវស្លាប់ម្នាក់ នៅកន្លែងកើត ចំណែកស្ត្រី០២នាក់ទៀត ម្នាក់ត្រូវជាប្រពន្ធ (អ្នកស្លាប់) និងម្នាក់ទៀតជាអ្នកសុំរួមដំណើរជាមួយ បានរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។

រថយន្តបង្កហេតុខាងលើនោះ នៅមិនទាន់អស់ល្បឿន បានរេចង្កូតឡើងខឿនផ្លូវ ទៅបុកបង្គោលបេតុងនិងដើមឈើទើបរថយន្ត ទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំផងដែរ ។ ភ្លាមៗនោះ អ្នកបើកបររថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួនដើម្បីយកទៅសាកនាំនៅប៉ុស្តិ៍ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើប្រគល់សាកសពជនរងគ្រោះឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯរថយន្តបង្កនិងរ៉ឺម៉កម៉ូតូយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់