ព័ត៌មានជាតិ

បង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ នៅទីតាំងខារ៉ាអូខេយីហោ ហាយក្លាស

បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីយប់ថ្ងៃ អង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០​២២ វេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំ​ណុចទីតាំងខារ៉ាអូខេ យីហោ ហាយក្លាស High​Class មួយកន្លែងនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របស​ម្រួល​លើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក សុខ និមល នាយ​ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃ​ស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាន​នគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេ​នី​យ៍ឯក ពេជ្រ សារ៉ែន ជាអធិការបានចុះប្រតិបត្តិការឆ្មក់ចូល បង្ក្រាបករណីចាត់ចែងឱ្យប្រើប្រាស់ សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែងនៅចំណុចទីតាំងខារ៉ាអូខេខាងលើ ដែលក្នុងនោះបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៤០នាក់ នាំមកកាន់ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលដក​ហូតបាន៖ ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន០២ថង់ ទម្ងន់ ១,៤០ក្រាម (ទាំងសម្បក), ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួន០២គ្រាប់ និង០២កំណាត់ ទម្ងន់ ០,៨៨ក្រាម, ប្រាក់ដុល្លារចំនួន ២,៤៥០ដុល្លារ (ពីរពាន់បួនរយហាសិបដុល្លារ), ប្រាក់រៀលចំនួន ៦,១០០,០០០រៀល (ប្រាំមួយលានដប់ម៉ឺនរៀល) ។

បន្ទាប់ពីធ្វើការស្រាវជ្រាវរកឃើញថា មានជនសង្ស័យចំនួន ១១នាក់ ស្រីម្នាក់ ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសា​លាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ រីឯអ្នកដែលមិនពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅសហគមន៍វិញ ៕

មតិយោបល់