ព័ត៌មានជាតិ

Update៖ ករណីក្មេងស្រីបាត់ខ្លួន ត្រូវបានគេប្រទះឃើញសពក្នុងដីឡូត៏ សមត្ថកិច្ច​សង្ស័យថា ជាករណីគុំនំ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ និង១៥នាទីយប់ បន្ទាប់ពីទទួលដំណឹងពីអ្នកគ្រូថា ក្មេងស្រីម្នាក់ដែលបានបាត់ខ្លួនត្រូវបានគេប្រទះឃើញសពក្នុងដីឡូត៏មួយកន្លែងចំងាយពីផ្ទះសពរងគ្រោះប្រមាណ ២០០ម៉ែត្រ ស្ថិតក្នុងភូមិទំនប់ក៥ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

មន្រ្តីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ សពក្មេងរងគ្រោះមានឈ្មោះ លួត លីហ្សា ហៅ កន្ទ្រីត អាយុ៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី២ នៃសាលា​បឋមសិក្សាទំនប់ក៥ ។ ឪពុកមានឈ្មោះ សំ សាន្ត អាយុ៣១ឆ្នាំ ម្តាយឈ្មោះ យាន ខេមរា អាយុ៣២ឆ្នាំ ។ គ្រួសារនេះមានកូនស្រីចំនួន ២នាក់ ហើយក្មេងស្រី ដែលរងគ្រោះជាកូនច្បង ។

យោងតាមម្ដាយក្មេងរងគ្រោះ បានឲ្យដឹងថា៖ កូនស្រីរបស់គាត់មិនដឹងបាត់ខ្លួនតាំងពីម៉ោងប៉ុន្មានឡើយ ដោយដឹងត្រឹមថាកូនបានចេញពីផ្ទះមុនម៉ោង ៧ព្រឹក ទៅសាលារៀន ដូចសព្វដង ។​ លុះម៉ោងជាង១១ថ្ងៃ មិនឃើញកូនត្រឡប់មកផ្ទះវិញក៏បានសួរគ្រូ ស្រាប់តែអ្នកគ្រូប្រចាំថ្នាក់ បានប្រាប់ថា ថ្ងៃនេះមិនឃើញ កូនរបស់គាត់ទៅរៀនទេ ទើបធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលឆោឡោបាត់កូនតែម្តង ។

ក្រោយមកបានរាយការណ៍ដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះមាន កម្លាំងអាវុធហត្ថ នគរ​បាលរដ្ឋបាល នគរបាលការពារព្រំដែន កម្លាំងយោធា និង អ្នកភូមិ អ្នកស្រុក កំពុងតាមស្វែងរក បានប្រទះឃើញកាបូបសៀវភៅបោះចូលក្នុងព្រៃកន្ទ្រាំងខេត្ត គេសង្ស័យថា អាចជាស្នាដៃរបស់ជនណាម្នាក់ ព្រោះក្នុងកាបូបនោះមានទាំងស្បែកជើងក្មេងស្រី ឯសៀវភៅ ក៏ឃើញ កាត់ដាច់ជា២ កំណាត់ រីឯដបទឹក និងសៀវភៅ មានជាប់ស្មៅផងដែរ ។ ក្រោយពីស្វែងរកមានភាពស្ងប់ស្ងាត់រហូតដល់ម៉ោងជិត១០យប់ ថ្ងៃខែឆ្នាំដដែល ទើបមានបុរសម្នាក់ប្រទះឃើញនៅក្នុងដីឡូត៏មួយកន្លែងចម្ងាយពីផ្ទះប្រមាណជាង ២០០ម៉ែត្រ បង្កភ្ញាក់ផ្អើលតែម្ដង ។

សមត្ថកិច្ច បន្តឲ្យដឹងថា៖ ក្រោយរកឃើញសពរងគ្រោះនៅន្លែងកើតហេតុ មានកម្លាំងយាមកាមមិនឲ្យមានអ្នកទៅក្បែរ លុះព្រឹកឡើងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានបង្កើតជាគណៈកម្មការចម្រុះដើម្បីធ្វើកោសលវិច្ច័យលើសាកសព ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ករណីស្លាប់ក្មេងស្រីនេះ អាចជាករណីឃាតកម្ម (គុំនំ) ព្រោះបន្ទាប់ពីគណៈកម្មាការត្រួតពិនិត្យ ឃើញមានស្នាមបែកនៅផ្ទៃមុខសង្ស័យវាយនឹងដុំថ្ម មើលស្ទើរតែមិនយល់ ហើយប្រដាប់ភេទក៏មិនមានស្លាកស្នាមអ្វី ចំណែកចិញ្ចៀន និងក្រវិលនៅនឹងខ្លួនមិនមានបាត់បង់ ៕

មតិយោបល់