ភ្នំពេញ៖ បើទោះបីជាមានការលួចឆ្មក់បង្គ្រាបទីតាំងភ្នាល់បាល់ជាច្រើនកន្លែងពីសមត្ថកិច្ចក្ដី ប៉ុន្តែសកម្មភាពមួយនេះនៅតែមានរីកដុះដាលដដែល។
ការរកស៊ីកាក់កបយ៉ាងខ្លាំងសម្រាប់អ្នកទទួលភ្នាល់ការប្រកួតបាល់ទាត់ World Cup 2014 នៅទូទាំងរាជធានីភ្នំពេញនៅសប្តាហ៍នេះ ទោះបីជាមន្ត្រីនគរបាលអះអាងថា ខ្លួនមានផែនការបញ្ឈប់រាល់សកម្មភាពភ្នាល់ខុសច្បាប់សម្រាប់ការប្រកួតនេះក្តី។
ក្រដាសភ្នាល់បាល់ត្រូវបានគេកាន់បង្ហាញព្រោងព្រាតនៅឯហាងកាហ្វេមួយចំនួន ជាពិសេសគេសង្កេតឃើញមានមនុស្សយ៉ាងច្រើនកុះករ ពិភាក្សាគ្នាជ្រើសរើសក្រុម ដើម្បីភ្នាល់។
ទោះបីជាអាជ្ញាធរមិនសូវអើពើនឹងការបំពានច្បាប់ប្រឆាំងល្បែងស៊ីសងក្តី ក៏មនុស្សចំនួន១៣នាក់ត្រូវបានចាប់ខ្លួនអំឡុងការឆ្មក់ចូលបង្ក្រាបហាងកាហ្វេអ៊ីនធើណិតមួយកន្លែងកាលពីថ្ងៃចន្ទ ហើយមនុស្សបីនាក់ទៀតត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបដាច់ដោយឡែកមួយក្នុងក្រុងស្វាយរៀងនៅថ្ងៃដដែលនេះ។
បើតាមការឲ្យដឹងពីអ្នកភ្នាល់បាល់ម្នាក់បានឲ្យដឹងថា ភាគច្រើនគឺគាត់ចាក់បាល់តាមរយៈមិត្តភ័ក្តិ ដោយគេបានបើកហាងអ៊ីនធើណែតនៅបាំងមុខ។ បុរសរូបនោះបានបញ្ជាក់ទៀតថា វាជារឿងធម្មតាទៅហើយសម្រាប់រដូវកាលបែបនេះ ព្រោះថានរណាក៏លេងដែរ មិនមែនមានតែគាត់នោះទេ ជាពិសេសគឺមន្ត្រីសមត្ថកិច្ចមួយចំនួនក៏លេងដែរ បើមិនជឿសាកល្បងទៅតាមកន្លែងហាងកាហ្វេមួយចំនួន នឹងបានឃើញហើយ៕
មតិយោបល់