ព័ត៌មានជាតិ

ស្ត្រីម្នាក់បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកពីក្រោយប៉ើងរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង ​៨​និង​១០​នាទី​ព្រឹក​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​នឹង​ម៉ូតូ​ នៅ​លើ​ផ្លូវ​លេខ​៥៥​ ចំណុច​បង្គោល​លេខ​៣-៤​ ស្ថិត​នៅ​ភូមិ​ជំរុំ​សៀម​ សង្កាត់​លលកស​ ក្រុង​ពោធិ៍សាត់​ បណ្តាល​ឲ្យ​ស្ត្រី​វ័យ​ ៥០​ឆ្នាំ​ស្លាប់ ​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ ម៉ូតូ​ម៉ាក​ហុងដា​ ពណ៌​ខ្មៅ​ ស្លា​ក​លេខ​ពោធិ៍សាត់​ 1B-2216​ បើកបរ​ដោយ​ឈ្មោះ​ យ៉ែ​ម​ កឹ​ម​យិ​ន​ ភេទ​ស្រី​ អាយុ​ ៥០​ឆ្នាំ​ រស់នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​បាន​បត់​ឆ្វេង​ដោយ​មិន​បាន​ងាក​មើល​ក្រោយ​ទេ​ មើល​តែ​តាម​កញ្ចក់​ ខណៈ​នោះ​ស្រាប់តែ​រថយន្ត​ម៉ាក ​TUNDRA​ ពណ៌​ប្រផេះ​ ស្លា​ក​លេខ​ ភ្នំពេញ​ 2AM-8665 (​បើកបរ​ដោយ​អញ្ញ​ត​ជន​)​ ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ បាន​បុក​ចំ​ពីក្រោយ​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ខាងលើ​ ប៉ើងរង​របួសធ្ងន់​ និង​បាន​ស្លាប់​ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ បាន​បញ្ជូន​ជន​រង​គ្រោះ​មក​ដល់​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​​ ចំពោះ​អ្នក​បររថ​យន្ត​បាន​រត់គេច​ខ្លួន​បាត់​។

​យោងតាមរបាយការណ៍របស់ លោក​វរសេនីយ៍ទោ​ សុខ​ មេ​សា​ អធិការរង​នគរបាល​ក្រុង​ពោធិ៍សាត់ ​បាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ មិន​ងាក​មើល​ក្រោយ​មុន​ពេល​បត់​ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​។​

បច្ចុប្បន្នសព​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ធ្វើ​កំណត់ហេតុ​ និង​បាន​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ ចំណែក​វត្ថុ​តាង​ទាំង​ពីរ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕​

មតិយោបល់