ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ចោលប្រពន្ធ និងកូន២នាក់ឲ្យនៅកំព្រា បន្ទាប់ពីជិះម៉ូតូបុករថយន្តដឹកទឹកកកបត់ឆ្លងផ្លូវ

ភ្នំពេញ: នៅថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៩និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តដឹកទឹកកក លើផ្លូវ៥០ម្រ៉ែត ស្ថិតនៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យបុរសកម្មកររោងចក្រម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅគ្លីនិចឯកជនម្លិះដង្កោ បានបន្សល់ទុកប្រពន្ធនិងកូនចំនួន០២នាក់ឲ្យនៅកំព្រា ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្មំពេញ 1IN.4256អ្នកបើកបរឈ្មោះ ចាន់ រិទ្ធី ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្លាប់ក្រោយពេលបញ្ជូនទៅកាន់គ្លីនិចឯកជនម្លិះដង្កោ (ពាក់មួកសុវត្ថិភាព) ។ ចំណែកភាគីរថយន្តម៉ាក ISUZU TRUCK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE.1650 អ្នកបើកបរមានឈ្មោះ សៀង សំណាង ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិសិត្បូ ឃុំសិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួនបានប្រគល់ឲ្យ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ) ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញម៉ូតូជនរងគ្រោះ បានបើកបរក្នុងទិសដៅពីកើតទៅលិច ជិះម៉ូតូជូនសាច់ញាតិទៅផ្ទះ លុះពេលត្រលប់មកវិញ ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿង បានបើក ឆ្លងផ្លូវពីជើងទៅត្បូង ។ លុះពេលមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបានបុករថយន្តពេញទំហឹងតែម្តង បណ្តាលឲ្យជនរងគ្រោះ ដួលរងរបួសយ៉ាងធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅកាន់គ្លីនិចឯកជនម្លិះដង្កោ ។

មូលហេតុ៖បណ្តាលមកពីភាគី ខាងរថយន្តបើកបរឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន ។ ករណីនេះរថយន្តរងការខូចខាត ស្រាលចំណែកម៉ូតូជនរងគ្រោះ រងការខូចខាតធ្ងន់ ។

បច្ចុប្បន្ន: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់