ព័ត៌មានជាតិ

បុរសម្នាក់ចងកសម្លាប់ខ្លួននៅបន្ទប់ជួល បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ បានបន្សល់ទុកកូនពីរនាក់ឲ្យនៅកំព្រា

ភ្នំពេញ: នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បុរសម្នាក់ចងកសម្លាប់ខ្លួន ជាប់នឹងបង្កាន់ដៃជណ្ដើរ ក្នុងបន្ទប់ជួល ស្លាប់ចោលប្រពន្ធកូន បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ទីតាំងស្ថិតតាមបណ្ដោយផ្លូវលេខ២១២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ លឹម សំងែត ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅបន្ទប់ជួលកើតហេតុ មានស្រុកកំណើតនៅខេត្តកំពត ។

នៅមុនពេលកើតហេតុប្តីប្រពន្ធទាំងពីរនាក់នេះ បានឈ្លោះទាស់គ្នាយ៉ាងខ្លាំង ពេលឈ្លោះគ្នានោះជនរងគ្រោះបានគំរាមសម្លាប់ ធ្វើឲ្យប្រពន្ធ ភ័យបាននាំកូនពីរនាក់ចេញទៅក្រៅ ។ ពេលនោះជនរងគ្រោះនៅក្នុងបន្ទប់ជួលកើតហេតុតែម្នាក់ឯង ប្រហែល១ម៉ោងក្រោយមក ប្រពន្ធបានឲ្យកូនម្នាក់ឡើងទៅមើលជនរងគ្រោះ ពេលកូនឡើងទៅដល់ស្រាប់តែឃើញជនរងគ្រោះ បានចងកធ្វើអត្តឃាតខ្លួនជាប់នឹងបង្កាន់ដៃជណ្ដើរក្នុងផ្ទះ ។ ពេលនោះកូនចុះមកប្រាប់ម្តាយ ហើយបាននាំគ្នាទៅមើល ប៉ុន្តែមិនទាន់ស្រាយទម្លាក់ជនរងគ្រោះនោះទេ ដោយប្រពន្ធបានស្រែកឆោឡោបង្កការភ្ញាក់ផ្អើលកើតឡើងដល់អ្នកជិតខាង បាននាំគ្នាមកជួយស្រាយទម្លាក់ដាក់មកខាងក្រោម តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យធ្វើកោសល្យវិច្ច័យ ទៅតាមនីវិធីផ្លូវច្បាប់ ។ បន្ទាប់មកសមត្ថកិច្ច បានប្រគល់សាកសព ជនរងគ្រោះឲ្យប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់