ព័ត៌មានជាតិ

បើកបរក្រោមឥទ្ធិពលស្រវឹង បណ្តាលឲ្យរថយន្ត១គ្រឿង រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ: នៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តកាម៉ារីបាលែន មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញបុរស៣នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាកកាម៉ារីបាលែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z-2326 បើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ មានទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តនោះបានរេចង្កូតជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់មួយផ្ទាំង រថយន្តបង្កហេតុបានរងការខូចខាតទៅមុខលែងរួច អ្នកបើកបរបាននាំគ្នាចុះគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកពិនិត្យនិងវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់